ភ្នំពេញ ៖ ក្មេងទំនេីងមួយក្រុមមានគ្នាជាង២០នាក់ប្រដាប់ដោយដាវនិងដំបងគ្រប់ដៃបានជិះម៉ូតូជាង១០គ្រឿងចូលវ៉ៃនិងកាប់យុវជន៣ទៅ៤នាក់ដែលកំពុងអង្គុយលេងក្បែរផ្ទះក្នុងភូមិរបស់ខ្លួន បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវបេតុងជាប់ប្រឡាយក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ប្អូនរបស់គាត់ឈ្មោះ សួន សាវុធ អាយុ២០ឆ្នាំ រួមនឹងមិត្តភក្តិ២ទៅ៣នាក់ទៀតទាំងជនរងគ្រោះរងរបួសធ្ងន់ផង បាននាំគ្នាអង្គុយលេងក្បែរមាត់ប្រឡាយទឹកស្អុយស្ទឹងមានជ័យ កន្លែងកើតហេតុខាងលើ ។ ភ្លាមនោះស្រាប់តែលេចមុខក្រុមក្មេងស្ទាវជាង២០នាក់ជិះម៉ូតូជាង១០គ្រឿង ប្រដាប់ដោយដាវនិងដំបងគ្រប់ដៃបានចូលទៅវាយនិងកាប់ជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងចាស់ទាំងក្មេងមានការភិតភ័យមិនហ៊ានចេញពីផ្ទះ។ ចំណែកឯសាច់ញាតិជនរងគ្រោះបានចេញមកធ្វើអន្តរាគមន៍ បណ្តាលឲ្យក្រុមក្មេងស្ទាវទាំងនោះនាំគ្នាជិះម៉ូតូចេញពីកន្លែងកើតហេតុភ្លាមៗ ដោយបន្សល់ទុកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GM-0256 ដោយមានសៀតដាវកែច្នៃ១ដើម និងដែកឆាបតូច១ដើម។
តាមប្រភពដដែលបានបន្តទៀតថា ក្រោយពេលក្រុមក្មេងស្ទាវទាំងនោះជិះម៉ូតូឡើងដល់លើស្ពានអាកាសស្ទឹងមានជ័យបានផ្ទុះសំឡេងដូចគ្រាប់កាំភ្លើង១គ្រាប់ដើម្បីគេចខ្លួនផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុភ្លាមៗ រួចយកម៉ូតូដែលក្រុមជនសង្ស័យបន្សល់ទុកនៅទីតាំងកើតហេតុខាងលើ យកទៅទុករក្សានៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ដើម្បីធ្វើការស្រាវជ្រាវបន្តតាមជំនាញ ៕
ដោយ៖ ភារ៉ា ដង្កោ