ភ្នំពេញ ៖ បុរស៣នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីពួកគាត់ជិះម៉ូតូឌុបគ្នាមិនគោរពភ្លេីងស្តុបជ្រុលទៅបុករថយន្តស៊េរីទំនេីបLexus LX570 ចំពីមុខរថយន្តពេញទំហឹង កាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចភ្លើងស្តុបអាងទឹកអូឡាំពិក តាមបណ្ដោយផ្លូវព្រះមុនីរ៉េត កែងផ្លូវព្រះសីហនុ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បេីតាមសម្ដីបុរសម្នាក់មិនបញ្ចេញឈ្មោះដែលជាម្ចាស់រថយន្តLexus LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Y-5455 បានបង្ហេីបប្រាប់ថា រូបគាត់បេីករថយន្តតាមបណ្ដោយផ្លូវលេខ២១៥ រួចមានបំណងឆ្លងភ្លើងស្តុបអាងទឹកអូឡាំពិកមកផ្លូវព្រះសីហនុ។ ខណៈឆ្លងមកដល់កណ្ដាលភ្លើងស្តុបស្រាប់តែមានបុរស៣នាក់ជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1R-9870 ឌុបគ្នាតាមបណ្ដោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីត្បូងទៅជេីងដោយប្រើល្បឿនលឿនហេីយមិនគោរពភ្លើងស្តុបផងនោះ ក៏បានបុករថយន្តLexus LX570របស់គាត់ចំក្បាលរថយន្តចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យបុរស៣នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់ ចំណែករថយន្តនិងម៉ូតូរងការខូចខាតទាំងសងខាង ។
ក្រោយកេីតហេតុភ្លាមៗ បុរសទាំង៣នាក់ខាងលេីត្រូវបានរថយន្តសាមុយមកដឹកយកទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះអាយុជីវិត។ ចំណែកភាគីរថយន្តLexus LX570ក៏មិនបានគេចខ្លួនទៅណាដែរ រហូតសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ចុះមកដល់កន្លែងកេីតហេតុធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកជាមួយម៉ូូតូខាងលេី ដេីម្បីដោះស្រាយគ្នាតាមក្រោយ ៕
ដោយ៖ ភារ៉ា ដង្កោ