ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ អញ្ជើញដឹកនាំគណៈប្រតិភូ (ស.ស.ស.ក)ចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា (ព្រះបរមរតនកោដ្ឋ)

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ០៨រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៥និង១២ នាទី គណៈប្រតិភូ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក) ដឹកនាំដោយ លោក ហ៊ុយ វណ្ណៈ ជាប្រធាន បានអញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងបន្តដំណើរអញ្ជើញទៅថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា (ព្រះបរមរតនកោដ្ឋ) នៅមណ្ឌលសួនច្បារ ខាងកើតវិមានឯករាជ្យ ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ។
សូមជម្រាបថា៖ នេះជាការអបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩​ វិច្ឆិកា ១៩៥៣-៩​ វិច្ឆិកា ២០២០)​ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៧ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។

​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ ៩​ វិច្ឆិកា បាន​រំលឹក​ឲ្យ​ឃើញ​ពី​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម ​សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ​ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូ​ជនី​កិច្ច​ ដើម្បី​ទាមទារ​ឯករាជ្យ​ដ៏​ពិតប្រាកដ​នៅ​កម្ពុជា​៕

ដោយ៖សុខ ខេមរា


ចែករំលែក៖