ខេត្តកណ្ដាល៖ នារីម្នាក់ត្រូវខាងប្រុសជាអតីតគូដណ្ដឹងយកកូនកាំបិតចាក់បណ្ដាលឲ្យរងរបួសជាទម្ងន់ ព្រោះតែខាងប្រុសខឹងនឹងនារីរងគ្រោះផ្ដាច់ពាក្យ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី នៅចំណុចតាមផ្លូវ ក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រ៉ា បូរី ហៅទុយ ភេទប្រុស ជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុ មុខរបរលក់ស្រាក្រឡុក(គេចខ្លួន)។
ចំណែកនារីគ្រោះឈ្មោះ កែវ មួយគីម ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិ/សង្កាត់កើតហេតុ មុខរបរនៅផ្ទះ។ ចំណែកវត្ថុតាងចាប់យក៖ កូនកាំបិតចុងស្រួច ប្រវែង៩សង់ទីម៉ែត្រមានប្រឡាក់ឈាម១។
ប្រភពដដែលបន្តថា មុនពេលវេលាកើតហេតុខាងលើ ជនសង្ស័យនិងជនរងគ្រោះជាអតីតគូដណ្តឹងនឹងគ្នា តែដោយសារជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន ហើយធ្លាប់វាយធ្វើបាបជនរងគ្រោះជាញឹកញាប់ផងនោះ ធ្វើឲ្យជនរងគ្រោះផ្តាច់ពាក្យវិញទៅ។ ក្រោយពីផ្ដាច់ពាក្យរួច ជនសង្ស័យនៅតែមកទាក់ទងរំខានជនរងគ្រោះរហូត។ លុះមកដល់វេលាកើតហេតុខាងលើ ឪពុកជនរងគ្រោះបានឌុបជនរងគ្រោះទៅហៅជនសង្ស័យចេញពីផ្ទះ ហើយណាត់ជួបគ្នានៅប៉ុស្តិ៍រដ្ឋបាលដើមមៀនដើម្បីនិយាយគ្នាឲ្យបានដាច់ស្រេច តែនៅពេលដើរតាមផ្លូវមិនទាន់បាននិយាយគ្នាផង ក៏ស្រាប់តែជនសង្ស័យដកកូនកាំបិតចុងស្រួចដែលលាក់ទុកក្នុងចង្កេះខោ យកមកចាក់ជនរងគ្រោះចំក្រោមឆ្អឹងជំនីរខាងស្តាំបណ្តាលឲ្យលិចជ្រៅ ហូរឈាមយ៉ាងច្រើនសន្លប់លែងដឹងខ្លួន។ ចំណែក ជនសង្ស័យបានបោះកាំបិតចោលហើយរត់គេចខ្លួនបាត់តែម្តង។
ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍ដើមមៀន សហការជាមួយកម្លាំងយុត្តិធម៌ក្រុងតាខ្មៅ បានចុះទៅដល់កន្លែងកើតហេតុនិងជួយយកជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជ័យជំនះ រីឯជនសង្ស័យត្រូវបានកម្លាំងជំនាញធ្វើការស្រាវជ្រាវដើម្បីបន្តស្វែងរកចាប់ខ្លួនយកមកចាត់ការតាមនីតិវិធី៕ ស្អាងជ័យ