ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ៨រោច ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីបិទការប្រកួតកីឡាប៉េតង់ពានរង្វាន់ «គរុគុណ» ឆ្នាំ២០២០ លើកទី១ រៀបចំឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។
ក្នុងឱកាសនោះលោក សុខ សប្បាយណា អគ្គលេខាធិការធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានធ្វើរបាយការណ៍ឱ្យដឹងថា ការរៀបចំការប្រកួតកីឡាប៉េតង់ ពានរង្វាន់ «គរុគុណ» ឆ្នាំ២០២០ លើកទី១ បានប្រព្រឹត្តទៅអស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ដោយមានការចូលរួមពីប្រកួតពីសមាគម ក្លិបចំនួន៥៨ មកពីរាជធានីខេត្តចំនួន១៦ ក្នុងព្រះរាជាណាចក្រកម្ពុជា។
អគ្គលេខាធិការធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់រូបនេះ បន្តថាពានរង្វាន់ «គរុគុណ» បានរៀបចំឡើងក្នុងគោលបំណងរំលឹកពីគុណូប្បការៈដ៏ឧត្តុង្គឧត្តមរបស់សម្ដេចក្រឡាហោម ស ខេង និងសម្ដេចវិបុលបញ្ញា សុខ អាន ព្រមទាំងអតីតថ្នាក់ដឹកនាំដទៃទៀតដែលបានផ្ដួចផ្ដើម និងបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលបានត្រួសផ្លូវរហូតដល់បច្ចុប្បន្នធ្វើឱ្យមានការកោតសរសើរទាំងថ្នាក់ជាតិ តំបន់ និងពិភពលោក។
ឆ្លងកាត់ការប្រកួតចំនួន៨វិញ្ញាសារ លោក សុខ សប្បាយណា បានរាយការណ៍ជូនសម្ដេចក្រឡាហោមថា ជ័យលាភីលេខ១ យុវនារីក្រោម១៥ឆ្នាំ បានទៅលើក្លិបទីស្ដីការគណៈរដ្ឋមន្រ្តី, យុវជនក្រោមអាយុ១៨ឆ្នាំ បានទៅលើក្លិបទីស្ដីការគណៈរដ្ឋមន្រ្តី, យុវជនារីអាយុក្រោម១៨ឆ្នាំ បានទៅលើក្លិបក្រសួមហាផ្ទៃ, សមាគមបានទៅលើក្លិបយោធភូមិភាគពិសេស និងវ័យចាស់បានទៅលើក្លិបមន្ទីរអប់រំខេត្តស្វាយរៀង។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងក្ដីរំភើបរីករាយដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទពានរង្វាន់ «គរុគុណ» ដែលជាការរំលឹកដល់អ្នកដែលបានជួយជ្រោមជ្រែងដល់កីឡាប៉េតង់កម្ពុជាឱ្យមានការអភិវឌ្ឍ និងរីកចំរើនរហូតដល់សព្វថ្ងៃ និងក៏ជាការហ្វឹកហាត់ពង្រឹងសមត្ថភាពត្រៀមប្រកួតនៅខាងមុខ ពិសេសការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាជាការពិត កីឡាប៉េតង់កម្ពុជាបានធ្វើឱ្យមានការទទួលស្គាល់ និងកោតសរសើរយ៉ាងខ្លាំងពីអន្តរជាតិ ធ្វើឱ្យកម្ពុជាមានកត្យានុភាព និងមោទនភាព។ សម្ដេចបានបន្តថាកីឡានេះបានធ្វើឱ្យអ្នកលេងមានសុខភាព និងអារម្មណ៍ផ្ចិតផ្ចង់ល្អ ដើម្បីយកជ័យជំនះ។ សម្ដេចក៏បានរំលឹកអំពីសវតាដែលនាំឱ្យមានការជួយជ្រោមជ្រែងកីឡាប៉េតង់នេះរហូតមានឈ្មោះបោះសំឡេងដូចបច្ចុប្បន្ន។
ឆ្លៀតនៅក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោមបានថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ និងមន្រ្តីសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជាទាំងអស់ដែលបានរួមសហការគ្នារៀបចំព្រឹត្តិការណ៍ប្រកួតពានរង្វាន់«គរុគុណ»នេះឡើង និងថ្លែងអំណរគុណក្រុមហ៊ុនឯកជនដែលបានចូលរួមធ្វើជាដៃគូសហការគាំទ្រដំណើរការរៀបចំព្រឹត្តិការណ៍នេះតាំងពីការចាប់ផ្ដើមប្រកួតរហូតឈានមកដល់ថ្ងៃត្រូវបិទបញ្ចប់នាពេលនេះ។
បន្ទាប់ពីបញ្ចប់សុន្ទរកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រួមទាំងឯកឧត្តម លោកជំទាវ គណៈអធិបតី និងអ្នកចូលរួមទាំងអស់ បានបន្តតាមដានទស្សនាការប្រកួត៣ក្រុមចុងក្រោយ ដោយវិញ្ញាសាយុវជនក្រោម១៥ឆ្នាំ ជ័យលាភីលេខ១ បានទៅលើសមាគមខេត្តកណ្តាល, វិញ្ញាសាបុរសពានធំ៣នាក់ទល់៣នាក់ ជ័យលាភីលេខ១ បានទៅលើក្លិបទីស្តីការគណៈរដ្ឋមន្ត្រី និងវិញ្ញាសានារីពានរង្វាន់ធំ៣នាក់ទល់៣នាក់ ជ័យលាភីលេខ១ក្លិប ទីស្តីការគណៈរដ្ឋមន្ត្រី។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានទទួលមេដាយកម្រិតតំបន់ និងអន្តរជាតិសរុប៣០៦គ្រឿង ក្នុងនោះមាស៨៨គ្រឿង ប្រាក់១០៨ និងសំរិទ្ធ១១០ រហូតត្រូវបានគេចាត់ទុកកម្ពុជាជាមហាអំណាចកីឡាប៉េតង់។ កីឡាការនី កែវ ឡេង បានទទួលមេដាយមាសពិភពលោក៤ជំនាន់ជាប់ៗគ្នា រហូតគេប្រសិទ្ធនាមកម្ពុជាជាប្រទេសមហាអំណាចកីឡាប៉េតង់៕ដោយ៖ស តារា