ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ១ក្រុមបន្លំលួចកាបូបលុយ មានសរុបប្រហែល៥,០០០ដុល្លារពីក្នុងតូបលក់ដូរមួយកន្លែង

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ១ក្រុមមានគ្នាពី៣ទៅ៤នាក់បានចូលទៅបន្លំលួចយកកាបូបលុយនៅកន្លែងលក់គ្រឿងក្រអូបនិងប្ដូរប្រាក់មួយកន្លែងបានសម្រេចដែលនៅក្នុងកាបូបនោះមានលុយដុល្លារនិងលុយខ្មែរផងសរុបប្រហែល ៥,០០០ដុល្លាររួចបានគេចខ្លួនបាត់អស់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះលក់គ្រឿងក្រអូប ភេសជ្ជៈនិងប្ដូរប្រាក់មួយកន្លែងក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ស្រ្តីជាម្ចាស់ផ្ទះគេមិនទាន់ស្គាល់ឈ្មោះនោះទេ។ចំណែកជនសង្ស័យមានគ្នាពី៣ទៅ៤នាក់ ហើយអ្នកយកកាបូបលុយគឺជាបុរសម្នាក់ ហើយក្រោយពីលួចយកបានមានបុរសម្នាក់ទៀតជាអ្នកជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ១គ្រឿងទៅដឹកចេញគេចខ្លួនបាត់ស្រមោល។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុក្រុមជនសង្ស័យបាននាំគ្នាចូលទៅក្នុងតូបលក់ដូរខាងលើ ហើយអ្នកខ្លះធ្វើជារកទិញនេះនិងខ្លះទៀតអ្វើជារកទិញនោះ ។ក្នុងខណៈដែលម្ចាស់តូបជាប់រវល់យករបស់របរលក់ឲ្យនោះ ជនសង្ស័យម្នាក់ជាបុរសបានចូលទៅលួចយកកាបូបដែលក្នុងនោះមានលុយដុល្លារនិងលុយខ្មែរផងសរុបប្រហែល៥,០០០ដុល្លារ រួចបានយួរដើរចេញក្រៅ។បន្ទាប់មកមានបក្សពួកម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ១គ្រឿងទៅដឹកជនសង្ស័យនោះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុនគរបាលប៉ុស្តិ៍ចោមចៅទី២បានចុះទៅកាន់ចំណុចខាងលើនិងបាននាំជនរងគ្រោះទៅកាន់ប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្ដឹងនិងស្រាវជ្រាវរកក្រុមជនសង្ស័យទាំងនោះ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖