ព័ត៌មានទាន់ហេតុការណ៍៖

រឿងព្រេងខ្មែរ÷រឿង ជាតិ​ខ្លា​ធំ

ចែករំលែក៖

កាល​ពីព្រេងនាយ៖ មាន​ព្រះ មហាក្សត្រមួយព្រះអង្គ សោយ​រាជ​សម្បត្តិ​នៅ​នគរ​មួយ មាន​អគ្គមហេសី ជា​ចមស្ត្រី មាន​មន្ត្រី​ចតុស្តម្ភ ៤ នាក់ មាន​ហោរា​មួយ​នាក់ ជា​តំណាង​ព្រះនេត្រ ព្រះ​កាណ៌​ព្រះអង្គ មាន​មន្ត្រី​និង​ស្រី​ស្នំ​ជា​រាជ​បរិពារ ពេញ​កិត្តិយស​ជា​ម្ចាស់​ផែន​ដី តាម​ព្រះរាជ​ប្រពៃណី​អំពី​បុរាណ​រៀង​មក ។ ប៉ុន្តែ​ព្រះមហាក្សត្រ​និង​ចតុស្តម្ភ​ទាំង ៤ នាក់ ពុំ​បាន​រៀន​វេទមន្ត ខាង​ការ​ពិជ័យ​សង្គ្រាម ដូច​ព្រះរាជា​មុន ៗ​មក​ឡើយ ព្រះអង្គ​តែង​ទ្រង់​ព្រួយ​បារម្ភ​នឹង​ព្រះ​មហា​នគរ​ជា​អនេក ។ ដោយ​ព្រះ​រាជានុភាព​របស់​ព្រះអង្គ ចេះ​តែ​ទន់​ទាប​ចុះ​ទ្រង់​ក៏​រំពឹង​ថា «បើ​ប្រសិន​ជា​មាន​សឹក​សត្រូវ ចូល​មក​លុកលុយ​ដណ្ដើម​ព្រះ​នគរ អញ​មុខ​ជា​ព្រះនគរ​នឹង​បាន​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​បច្ចាមិត្ត​ដោយ​ងាយ​ពុំ​ខាន​ឡើយ »។

ថ្ងៃ​មួយ វេលា​ម៉ោង ៨ ព្រឹក ព្រះអង្គ​ទ្រង់​យាង​ចេញ​កាន់​ចុង​ព្រះរាជ​រោង ដោយ​មាន​ព្រះអគ្គមហេសី​គង់​អែប​នែប​ជិត​ព្រះអង្គ ហើយ​ដោយ​មាន​ហោរា​ចតុស្តម្ភ​ទាំង ៤ នាក់ និង​មន្ត្រី​ឯ​ទៀត ក្រាប​បង្គំ​គាល់​តាម​ធម្មតា ។ ពេល​នោះ​ទ្រង់​ភ្នក​ព្រះទ័យ ចង់​ទៅ​រៀន​សិល្បសាស្ត្រ​ក្នុង​សំណាក់​អាចារ្យ​ទិសាបាមោក្ខ ឯ​នគរ​តក្ក​សិលា ។ ទ្រង់​ក៏​ជំនុំ​ជាមួយ​ព្រះអគ្គមហេសី ក៏​សុំ​តាម​ទៅ​ផង ។ ឯ​ហោរា​និង​ចតុស្តម្ភ​ទាំង ៤ នាក់ ក៏​សុំ​តាម​ហែ​ព្រះអង្គ​ទៅ​ដែរ ដើម្បី​នឹង​រៀន​មន្ត​វិជ្ជា​ឲ្យ​ជំនាញ​ដើម្បី​រក្សា​ព្រះ​នគរ ។ ព្រះអង្គ​ក៏​ទ្រង់​ព្រះ​រាជានុញ្ញាត ។ ជំនុំ​ស្រេច​ហើយ មាន​ថ្ងៃ​មួយ​ព្រះអង្គ​នាំ​អគ្គមហេសី ហោរា និង​ចតុស្តម្ភ​ទាំង ៤ នាក់​ចេញ​ចាក​ព្រះនគរ ។ គម្រប់ ៧ ថ្ងៃ ដល់​នគរ​តក្ក​សិលា បាន​ជួប​នឹង​អាចារ្យ​ទិសាបាមោក្ខ ក៏​សុំ​រៀន​សិល្ប​វេទ ។ អាចារ្យ​ទិសាបាមោក្ខ​ទទួល​ភារៈ​បង្រៀន​ព្រះអង្គ ។ ព្រះអគ្គមហេសី និង​ហោរា​ព្រម​ទាំង​ចតុស្តម្ភ បាន​រៀន​ចេះ​ចប់​សព្វគ្រប់ ទោះ​នឹង​ចង់​ក្លែង​ខ្លួន​ជា​សត្វ​តិរច្ឆាន ឬ​ជា​យក្ស​គន្ធព្វ សុបណ្ណា ក៏​បាន​ដោយ​ងាយ ។ រៀន​ចេះ​ចប់​ស្រេច ស្ដេច​សុំ​លា​លោក​អាចារ្យ វិល​ត្រឡប់​មក​ព្រះនគរ​វិញ ។ អាចារ្យ​ក៏​អនុញ្ញាត​ព្រះរាជា និង​ព្រះអគ្គមហេសី​បាន​ធ្វើ​ព្រះរាជ​ដំណើរ​ត្រឡប់​មក​វិញ ព្រម​ដោយ​ហោរា នូវ​ចតុស្តម្ភ​ទាំង​បួន​នាក់ ។ ទ្រង់​ចេញ​ចាក​ក្រុង​តក្ក​សិលា​មក​បាន ៣ ថ្ងៃ ហេតុ​តែ​ផលកម្ម​នាំ​ឲ្យ​វង្វេង​ផ្លូវ ទ្រង់​យាង​ត្រាច់​កាត់​ព្រៃ អស់​ស្បៀង​អាហារ សោយ​តែ​មើម​ឈើ និង​ផ្លែ​ឈើ ។ ព្រះរាជា​ទ្រង់​ស្ដាយ​ព្រះជន្ម ទ្រង់​ក៏​ជំនុំ​គិត​ជាមួយ​ហោរា ចតុស្តម្ភ​ទាំង ៤ នាក់​ព្រម​ទាំង​ព្រះ​អគ្គ​មហេសី​ថា «ឥឡូវ​នេះ យើង​ជិត​ដល់​នូវ​ការ​អស់​អាយុ​សង្ខារ​គ្រប់​គ្នា​ហើយ​ព្រោះ​គ្មាន​អាហារ​នឹង​ចិញ្ចឹម​ជីវិត តើ​អស់​លោក​យល់​ឃើញ​ដូចម្ដេច ?» ។ ហោរា​ទូល​ព្រះ​អង្គ​ថា «ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​យល់​ឃើញ ថា​មន្ត​វិជ្ជា​ដែល​យើង​បាន​រៀន​មក សឹង​ចេះ​សព្វ​គ្រប់​ដូច​គ្នា​ ហេតុ​នេះ បើ​កាឡា​ខ្លួន​ជា​សត្វ​ខ្លា​ធំ ហើយ​នឹង​ចាប់​សត្វ​ឯ​ទៀត​​ធ្វើ​ជា​អាហារ​ទម្រាំ​តែ​ទៅ​ដល់​ព្រះ​នគរ សឹម​កាឡា​ខ្លួន​ជា​មនុស្ស​វិញ​ក៏​បាន» ។ ព្រះរាជា ព្រះ​មហេសី​នូវ​ចតុស្តម្ភ ក៏​ព្រម​តាម​ហោរា ។ ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​ថា «ឥឡូវ​រូប​ខ្លា​ទាំង​មូល​នេះ លោក​ណា​ត្រូវ​កាឡា​ខ្លួន​ធ្វើ​ជា​អ្វី ?» ។ ចតុស្តម្ភ​សុំ​ធ្វើ​ជា​ជើង​ខ្លា​ទាំង​បួន ។ ហោរា​សុំ​ធ្វើ​ជា​កន្ទុយ ។ ព្រះ​អគ្គមហេសី​សុំ​ធ្វើ​ជា​ខ្លួន​ខ្លា ។ រូប​ខ្លា​ទាំង​មូល​នេះ​ឃើញ​នៅ​សល់​តែ​ក្បាល គឺ​តួ​ព្រះមហាក្សត្រ ។ ជំនុំ​រួច​ស្រេច​ក៏​សូត្រ​មន្ត​វិជ្ជា​កាឡា​ខ្លួន​កើត​ជា​ព្យគ្ឃ​រាជ (ស្ដេច​ខ្លា) បាន​ដូច​សេចក្ដី​ប្រាថ្នា ស្ទុះ​បោល​ដេញ​ចាប់​សត្វ​ប្រើស ក្ដាន់​ជា​អាហារ ។ លុះ​អំឡុង​ទៅ ក៏​កើត​មាន​សេចក្ដី​សប្បាយ ភ្លេច​រាជ​សម្បត្តិ និង​ព្រះ​មហានគរ​ពុំ​ស្ដាយ​សោះ ។

ហេតុ​នេះ បាន​ជា​សត្វ​ខ្លា មាន​កម្លាំង​ជាង​សត្វ​ឯ​ទៀត ហើយ​សត្វ​ខ្លា​នេះ កាល​នឹង​ចាប់​សត្វ​ជា​អាហារ គឺ​ដឹង​ដោយ​សារ​កន្ទុយ​ជា​មុន​​ព្រោះ​ជា​ហោរា ។ ដង​ខ្លួន​ដែល​ទន់​ភ្លន់​គឺ​ព្រះ​អគ្គមហេសី​ជា​ស្ត្រី​ភាព ។ ឯ​ក្បាល​ដែល​មើល​ឃើញ​សម្បើម​អស្ចារ្យ គឺ​តួ​អង្គ​ព្រះមហាក្សត្រ ដែល​មាន​មហិទ្ធិឫទ្ធិ​ជាង​គេ​ទាំងអស់ ។ ឯ​ជើង​ទាំង ៤ ដែល​មាន​កម្លាំង​ខ្លាំង ហើយ​មាន​ក្រចក​មុត គឺ​ចតុស្តម្ភ​ទាំង ៤ ៕

(ប្រហែសបាត់ប្រយ័ត្នគង់)

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត

(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖