ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិនីហ្សេរីយ៉ាម្នាក់ យកលុយដុល្លារក្លែងក្លាយបង់ថ្លៃផាកពិន័យ ឲ្យនគរបាលចរាចរណ៍នៅគោលដៅស្ពានដែកចំការដូង ខណ្ឌដង្កោ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ត្រូវបានឃាត់ខ្លួន ដោយកម្លាំងនគរបាលចរាចរណ៍ប្រចាំការ នៅគោលដៅស្ដុបអតីតស្ពានដែកចំការដូង ប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌដង្កោ បន្ទាប់ពីជនជាតិបរទេសរូបនេះ បានយកលុយដុល្លារក្លែងក្លាយបង់ថ្លៃផាកពិន័យច្បាប់ចរាចរណ៍ ដោយសារខ្លួនបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍។
បើតាមសមត្ថកិច្ចបានអោយដឹងថា៖ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០៖៤០នាទីព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយមុនឈានដល់ការឃាត់ខ្លួន គឺជនជាតិនីហ្សេរីយ៉ារូបនេះ បានបើករថយន្ត Pirus មួយគ្រឿង ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2BC-9125 ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ មកដល់ចំណុចស្តុបអតីតស្ពានដែក ភ្លើងស្តុបបានលោតពណ៌ក្រហម ប៉ុន្តែជននេះមិនបានឈប់ទេ គឺបានបើកបំពានភ្លើងស្តុប បត់ឡើងទៅផ្លូវ២១៧ (ផ្លូវចំការដូង) ហើយកម្លាំងនគរបាលចរាចរណ៍ ក៏ចាប់ផាកពិន័យតែម្ដង។ ជនជាតិបរទេសរូបនេះបង្ហាញនូវចរិកទំនើង មិនខ្លាចរអាសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ និសម្រួលចរាចរណ៍។ ក្រោយមកគេសុខចិត្តបង់លុយ ប៉ុន្តែ
កំឡុងពេលបង់ថ្លៃផាកពិន័យជនជាតិបរទេសនោះ ក៏បានប្រគល់ក្រដាសប្រាក់១០០ដុល្លារ ប៉ុន្តែសមត្ថកិច្ចគ្មានលុយរាយអាប់ ក៏បានយកទៅដូរនៅទីតាំងដូរលុយ ចំនួន២កន្លែង តែគេបញ្ជាក់ថា លុយនោះជាលុយក្លែងក្លាយ ហើយសមត្ថកិច្ចបានប្រគល់ជូនជនជាតិនីហ្សេរីយ៉ានោះវិញ ស្រាប់តែរូបគេទាញយកមកហែកចោល មុខនគរបាល ដោយមិនចង់បង់ថ្លៃផាកពិន័យ ដូច្នេះសមត្ថកិច្ចក៏បានឃាត់ខ្លួនប្រគល់មកឲ្យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសួរនាំតែម្ដង។
នគរបាលខណ្ឌដង្កោ បញ្ជាក់ថា ជុំវិញករណីនេះ កម្លាំងជំនាញបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីប្រើប្រាស់លុយក្លែងក្លាយ និងហែកលុយមើលងាយដល់សមត្ថកិច្ច ចរិកជនអនពាលបំផុត។
ប្រជាពលរដ្ឋដែលឃើញហេតុការនោះ មិនពេញចិត្តចំពោះជនបរទេសទំនើងខាង និងសូមអោយសមត្ថកិច្ចអនុវត្តឱ្យបានម៉ត់ចត់លើជនល្មើស៕

ដោយ៖ សហការី


ចែករំលែក៖