ភ្នំពេញ៖ ល្បែងសុីសង គឺជាប្រភពបង្កើតឱ្យមានបទល្មើសផ្សេងៗ កើតមានក្នុងសង្គម ហើយអាជ្ញាធរ និងសមត្ថកិច្ចត្រូវតែបង្ក្រាប ដើម្បីភូមិ-សង្កាត់មានសុវត្ថិភាព។ ជាក់ស្តែងប្រជាពលរដ្ឋសំណូមពរអាជ្ជាធរ និងសមត្ថកិច្ចខណ្ឌឫស្សីកែវ បន្តបង្ក្រាបល្បែងស៊ីសងនៅជាប់ផ្សារសាមគ្គី ក្រោយបង្ក្រាបទីតាំងទូហ្គេមបាញ់ត្រី២គ្រឿង ក៏ឈានដល់ឃាត់១០នាក់ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋមួយចំនួន នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសំណូមពរយ៉ាងទទូចឲ្យអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌឫស្សីកែវ ជួយចាត់វិធានបង្ក្រាបល្បែងស៉ីសង (NET24ម៉ោង) មួយកន្លែងនៅជាប់ផ្សារសាមគ្គី ក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
ការស្នើរបស់ប្រជាពលរដ្ឋ ក្នុងការឲ្យជួយចាត់វិធានការបង្ក្រាបល្បែងស៉ីសងខាងលើនេះ កើតឡើងបន្ទាប់ពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ឲ្យលោក លីន ញ៉ក់ អភិបាលរងខណ្ឌ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ ចុះបង្ក្រាបគ្រឿងញៀន និងបង្ក្រាបទីតាំងទូហ្គេមបាញ់ត្រី មួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ជាប់ស្ថាននីយ៍បូមទឹកគីឡូម៉ែតលេខ៩ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រជាពលរដ្ឋគាំទ្រចំពោះចំណាត់ការនេះ ដែលអាជ្ញាធរយកចិត្តទុកដាក់ ប៉ុន្តែជួយបន្តចុះរដ្ឋបាលមើលកន្លែងដទៃទៀតដែលលួចបើកលេង ដោយគ្មានច្បាប់ ឬតាមរយៈការលាក់លៀមពីថ្នាក់ក្រោមផង។
សូមជម្រាបថា៖ ការបង្ក្រាបគ្រឿងញៀន និងបង្ក្រាបល្បែងហ្គេមបាញ់ត្រីនៅសង្កាត់ស្វាយប៉ាកនេះ ក្រៅពីដកហូតវត្ថុតាងទូហ្គេមបាញ់ត្រីចំនួន២គ្រឿង, ម៉ូតូ៣គ្រឿង, កង់១គ្រឿង គ្រឿងញៀន និងសម្ភារមួយចំនួនទៀតនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក៏បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១០នាក់ (ស្រីម្នាក់) ផងដែរ ដើម្បីបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្នុងការកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សហការី