ព័ត៌មានទាន់ហេតុការណ៍៖

ទីផ្សារមូលបត្រអាស៊ីនិងអឺរ៉ុបគ្របដណ្តប់ដោយពណ៌ខៀ ក្រោយលទ្ធផលបោះឆ្នោតអាមេរិកបញ្ចប់

ចែករំលែក៖

តារាងពណ៌ខៀវគ្របដណ្តប់នៅលើទីផ្សារមូលបត្រនៅតំបន់អឺរ៉ុប និងអាស៊ី​​ ដោយ​សារតែក្រុម​អ្នកវិនិយោគ​ធូរអារម្មណ៍ក្រោយមានសភាពតានតឹងជាច្រើនថ្ងៃ​ដោយសារតែការបោះឆ្នោតអាមេរិក​ ហើយពេលនេះលោកបៃឌិនជាប់ឆ្នោតជារឿងប្រសើរបំផុតសម្រាប់ទីផ្សារមូលបត្រ។
នៅថ្ងៃទី ៩ខែវិច្ឆិកា​ ទីផ្សារមូលបត្រ​ប្រែជាពណ៌ខៀវលើកដំបូងក្រោយទទួលបាន​លទ្ធផលបោះឆ្នោត​អាមេរិក ដោយលោកបៃឌិនទទួលបានជ័យជម្នះ។ នៅក្នុងតារាងតួលេខទីផ្សាររបស់ក្រុមហ៊ុន ​Nikkei 225 ក្នុងទីក្រុងតូក្យូ ជប៉ុន​បង្ហាញឲ្យឃើញជាលើកដំបូងក្នុងរយៈពេល​២៩ឆ្នាំកន្លងមក​ដែល ​Nikkei 225 កើនពិន្ទុខ្ពស់​។ជាក់ស្តែងពិន្ទុបានកើនឡើងបន្ថែម ៥១៤,៦១ ស្មើនិឹង​២,១២% ជួយឲ្យចំនួនពិន្ទុសរុបដល់ទៅ២៤.៨៣៤,៨៤ពិន្ទុ គឺខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីថ្ងៃទី​៥ខែវិច្ឆិកា ឆ្នាំ​១៩៩១ មកទល់ពេលនេះ។
ជាមួយគ្នានេះដែរ តួលេខទីផ្សារមូលបត្រ Topix បានកើនឡើងបន្ថែម​២៣,៤១ពិន្ទុស្មើនិឹង​១,៤១ភាគរយ​ពេលបិទទីផ្សារ​ ពិន្ទុសរុបកើនឡើងដល់១.៦៨១,៩០ ពិន្ទុ។
ចំណែកទីផ្សារនៅកូរ៉េខាងត្បូង ដូចជា KOSPI កើនឡើង១,២៧%ផងដែរ​។ ទីផ្សារមូលបត្រនៅទីក្រុងសៀងហៃ​ Shanghai Composite ក៏មានការកើនឡើង១,៩ភាគរយផងដែរ។ ចំណែកហុងកុង​កើនឡើង​១,៣%។
ដោយឡែកនៅក្នុងតំបន់អឺរ៉ុបវិញ STOXX 600 របស់អឺរ៉ុបកើនឡើង​១,៣ភាគរយ ។តួលេខ DAX 30នៅទីក្រុង​Frankfurt ប្រទេសអាល្លឺម៉ង់កើនឡើង​១,៧% ។​តួលេខ CAC 40 នៅទីក្រុងប៉ារីស ប្រទេសបារាំង កើនឡើង១,៥%។ទីផ្សារ​FTSE 100 ក្នុងទីក្រុងឡុងដុង កើនឡើង​១,៥ភាគរយ…។
និយាយជារួម​គ្រប់ទីផ្សារមូលបត្រទាំងអស់លើពិភពលោកគ្របដណ្តប់ដោយពណ៌ខៀវបន្ទាប់ពីលោកបៃឌិនជាប់ឆ្នោត ប្រធានាធិបតីអាមេរិក ។ មិនថាទីផ្សារមូលបត្រប៉ុណ្ណោះទេទីផ្សារផ្សេងទៀតក៏មានក្តីសង្ឃឹមដំណើរការសេដ្ឋកិច្ចឡើងវិញ ក្រោយបញ្ចប់កូវីដ​-១៩​៕ដោយ៖ធី រីណា


ចែករំលែក៖