ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតមីយ៉ាន់ម៉ា៖ គណបក្សកាន់អំណាចប្រកាសទទួលបានចំនួនកៅអីគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាល

ចែករំលែក៖

កាលពីថ្ងៃទី​៩ ខែវិច្ឆិកា​ សម្ពន្ធមិត្តជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) កាន់អំណាចនៅមីយ៉ាន់ម៉ា​ដែលដឹកនាំដោយលោកស្រី Aung San Suu Kyi បានប្រកាសថា គណបក្សរបស់លោកស្រីទទួលបានកៅអីគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។
នៅក្នុងសេចក្តីប្រកាស​របស់គណបក្ស (NLD) ក្រោយពេលទទួលបានលទ្ធផលរាប់សន្លឹកឆ្នោតក្រៅផ្លូវការ​ ក្នុងការបោះឆ្នោតកាលពីថ្ងៃទី ៨ខែវិច្ឆិកា បង្ហាញឲ្យឃើញថា គណបក្ស (NLD) ទទួលបានសំឡេងគ្រប់គ្រាន់​ដើម្បីបង្កើតរដ្ឋាភិបាល​ថ្មី។
មានប្រសាសន៍ទៅកាន់សារព័ត៌មានរ៉យទ័រ អ្នកនាំពាក្យគណបក្ស ​(NLD) លោក Myo Nyunt បានបញ្ជាក់ថា ​គណបក្ស​កាន់អំណាចទទួលបានចំនួនកៅអី ៣២២ គ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាល​។ លោកបន្តទៀតថា លោកបានអរគុណ​ដល់ពលរដ្ឋដែលបន្តគាំទ្រ ហើយបោះឆ្នោតជូនគណបក្ស​(NLD) ។
នៅវេលាម៉ោង ១៥ ថ្ងៃទី​៩ខែវិច្ឆិកា​​គណៈកម្មាធិការរៀបចំការបោះឆ្នោត មីយ៉ាន់ម៉ាមិនទាន់ប្រកាសពីលទ្ធផលបោះឆ្នោតផ្លូវការនៅឡើយទេ។ ប៉ុន្តែលទ្ធផលក្រៅផ្លូវការតាមមណ្ឌល​បោះឆ្នោតបង្ហាញឲ្យឃើញថា គណបក្សកាន់អំណាចនាំមុខជាច្រើន ។
ការបោះឆ្នោតនៅថ្ងៃទី​៨ខែវិច្ឆិកា គឺជាការបោះឆ្នោតប្រជាធិបតេយ្យ លើកទី៣ ក្នុងរយៈពេល៦០ឆ្នាំកន្លងមក។ ពលរដ្ឋមីយ៉ាន់ម៉ាជាង​៣៧លាននាក់បានទៅបោះឆ្នោត នៅតាមមណ្ឌលបោះឆ្នោតទាំង ៤២.០៤៧កន្លែងទូទាំងប្រទេស​។ មានគណបក្សជាង​៩០បានចូលរួមក្នុងការបោះឆ្នោតលើកនេះ៕

ដោយ៖ធី រីណា


ចែករំលែក៖