ព័ត៌មានទាន់ហេតុការណ៍៖

លោក នី សាលឿន តារាចម្រៀងជើងចាស់ ម្ចាស់បទ «ដងស្ទឹងឡូវែល» ទទួលមរណភាពនៅអាមេរិក ក្នុងជន្មាយុ ៥៤ឆ្នាំ ដោយរោគាពាធ

ចែករំលែក៖

ភ្នំពេញ៖  រសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានដំណឹងសោកស្តាយមួយ ដោយលោក នី សាលឿន បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៥៤ឆ្នាំ ដោយសាររោគាពាធ នៅសហរដ្ឋអាមេរិក។

លោក នី សាលឿន ជាតារាធ្លាប់ ច្រៀងបទចម្រៀងល្បីៗជាច្រើន រួមទាំងបទ «ដងស្ទឹងឡូវ៉ែល» ផងនោះ ត្រូវបានទស្សនិកជនខ្មែរនិយមស្តាប់គ្រប់ទិសទី រហូតមកទល់នឹងបច្ចុប្បន្ននេះ ក៏នៅតែល្បីល្បាញ និងពេញនិយមស្តាប់រហូតមក ដែល ជាស្នាដៃចម្រៀង របស់អ្នកចម្រៀងជើងចាស់ខ្មែរមួយរូបនេះ។ 

«នារសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្រុមព្រះសូរិយាបានទទួលដំណឹងដ៏ក្រៀមក្រំបំផុត នៃការទទួលមរណភាព យ៉ាងឆាប់រហ័ស របស់អតីតតារាចម្រៀងខ្មែរនាយសមុទ្រ ក្នុងទសវត្សឆ្នាំ៩០ លោក នី សាលឿន ក្នុងជន្មាយុ៥៤ឆ្នាំ ដោយរោគាពាធ នៅសហរដ្ឋអាមេរិក!»។

នេះបើយោងតាមផេក Facebook ផ្លូវការ របស់ក្រុមព្រះសូរិយា បានបង្ហោះពីសារសោកសៅ ពីការបាត់បង់អ្នកសិល្បៈជើងចាស់។ 

សូមរម្លឹកថា៖ តារាចម្រៀង លោក នី សាលឿន បានបន្សល់ទុកនូវចម្រៀងពីរោះៗជាច្រើនបទ មហាជននៅតែស្តាប់រហូតដល់សព្វថ្ងៃ រួមមាន បទ ចំប៉ីកំពង់ចាម , វាសនាអ្នកនេសាទ, ដងស្ទឹងឡូវ៉ែល , ស្នេហ៍ក្នុងសុបិន្ត និង បទបងស្រឡាញ់តែអូន ជាដើម។ ការបាត់បង់លោក គឺជាការបាត់បង់ធនធានសិល្បៈដ៏កម្រនៃជាតិយើង ។

បទចំរៀងរបស់គាត់ ឆក់អារម្មណ៍ មនុស្សប្រុសស្រីស្ទើរគ្រប់វ័យ លើកលែងតែយុវជនជំនាន់ក្រោយខ្លះនៅចន្លោះប្រហោង នឹងបទចំរៀងគាត់ ។ ពិសេសបទ«ដងស្ទឹងឡូវ៉ែល» ភាគច្រើនមានអ្នកពេញចិត្ត បានច្រៀងជាមួយនឹងអត្ថន័យស្នេហាសុីជម្រៅ៕

ដោយ៖ សិលា


ចែករំលែក៖