ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល៖ មហាសន្និបាត សុខភាពពិភពលោក លើកទី៧៣ បន្តចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៤

ចែករំលែក៖

ភ្នំពេញ៖ មហាសន្និបាតសុខភាពពិភពលោក លើកទី៧៣ បន្ត ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃ១៤ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។ 

សូមជម្រាបថា៖ នាថ្ងៃចន្ទ ៩រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមមហាសន្និបាតសុខភាពពិភព លោកលើកទី៧៣ បន្ត (Resumed Session of 73th WHA) តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដែលជា កិច្ចប្រជុំបន្តពីកិច្ចប្រជុំកាលពីថ្ងៃទី១៨ ដល់ ១៩ ខែឧសភា ឆ្នាំ២០២០។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើ បញ្ហាសុខភាពជាអាទិភាពជាច្រើន ដូចជាការគ្របដណ្តប់សុខភាពជាសាកល ការថែទាំសុខភាពបឋម ការ ប្រយុទ្ធនឹងជំងឺមិនឆ្លង ការចាក់ថ្នាំបង្ការ ជាពិសេសវាក់សាំងកូវីដ-១៩ ការប្រយុទ្ធនឹងជំងឺឆ្លង សុខភាពភ្នែក ដូចជាការការពារភាពងងឹតភ្នែក ការអភិវឌ្ឍធនធានមនុស្សផ្នែកវេជ្ជសាស្រ្ត កម្មវិធីគាំពារមាតា កុមារ និងទារក និងកម្មវិធីអាហារូបត្ថម្ភ។ កិច្ចប្រជុំនឹងអនុម័តនូវសេចក្តីសម្រេចចិត្តមួយចំនួនដូចខាងក្រោម៖

ការឆ្លើយតបនឹងវិបត្តិនៃជំងឺកូវីដ-១៩  (COVID-19 Responses) ផែនការយុទ្ធសាស្រ្តលុបបំបាត់ជំងឺមហារីកមាត់ស្បូននៅឆ្នាំ២០៣០។ 

ផែនការយុទ្ធសាស្រ្តសកល ស្តីពីការស្រាវជ្រាវរក និងនវានុវត្តន៍ជំងឺរបេង សុខភាពភ្នែកតាមរយៈការការពារភាពពិការ និងងងឹតភ្នែក ពង្រឹងកិច្ចខិតខំប្រឹងប្រែងសុវត្ថិភាពចំណីអាហារ របៀបវារៈចាក់ថ្នាំបង្ការឆ្នាំ២០៣០ (Immunization Agenda 2030) ទស្សវត្សសុខភាពមនុស្សចាស់ឆ្នាំ២០៣០ (Docadc of Healthy Ageing 2020-2030) ម 

ការត្រៀមរៀបចំទប់ស្កាត់ជំងឺផ្តាសាយ (Influentra Propurcdness) កំណែទម្រង់អង្គការសុខភាពពិភពលោក (WHO Reform)។

យុទ្ធសាស្រ្តសកល ស្តីពីសុខភាពសាធារណៈ នវានុវត្តន៍ និងកម្មសិទ្ធិបញ្ញា កិច្ចប្រជុំបានសម្រេចជ្រើសរើសទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្រាប់មហាសន្និបាតសុខភាពពិភពលោក លើកទី៧៤។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងនាមប្រទេសជាសមាជិកមួយនៃអង្គការសុខភាពពិភពលោកក៏បាន សម្តែងនូវការគាំទ្រសេចក្តីសម្រេចចិត្តខាងលើដែរ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖