ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត! លោក ត្រាំ អបអរសាទរចំពោះដំណឹងល្អ ដែលថា«វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer និង BioNTech មានប្រសិទ្ធភាពលើស ៩០%»

ចែករំលែក៖

អាមេរិក៖ ដើម្បីអាយុជីវិតពលរដ្ឋលើសកលលោក ក្នុងវិបត្តិកូវីដ-១៩ កុំថាឡើយដល់ប្រជាពលរដ្ឋ សូម្បីតែ លោក ត្រាំ និងលោក បៃឌិន អបអរសាទរចំពោះដំណឹងល្អ ដែលថា«វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer និង BioNTech មានប្រសិទ្ធភាពលើស ៩០%» ។ នេះជាឆន្ទះឧត្តមគតិជាតិ និងប្រជាពលរដ្ឋជាធំ។
សូមបញ្ជាក់ថា ៖ បើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន FOX News នៅយប់ថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០  ទាំងលោកប្រធានាធិបតីជិតផុតអាណត្តិលោក ដូណាល់ ត្រាំ និងលោក ចូ បៃឌិន ដែលជាប្រធានាធិបតីជាប់ឆ្នោត បានអបអរសាទរចំពោះ ដំណឹងល្អដែលថា វ៉ាក់សាំង COVID-19 ដែលបានផលិតឡើងដោយក្រុមហ៊ុនផលិតឱសថដ៏ធំនៅសហរដ្ឋអាមេរិក Pfizer និង BioNTech អាល្លឺម៉ង់ បានប្រសិទ្ធភាព ៩០% ក្នុងការការពារមនុស្សកុំឲ្យឆ្លង COVID-19។
តាមរយៈការបង្ហោះសារនៅលើ គណនី TWitter នៅព្រឹកថ្ងៃចន្ទ(ម៉ោងនៅវ៉ាស៊ីនតោន) លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «ទីផ្សារភាគហ៊ុននឹងស្ទុះងើបឡើងយ៉ាងអស្ចារ្យ។ វ៉ាក់សាំងនឹងមកដល់ឆាប់ៗនេះ ខណៈរបាយការណ៍បានឲ្យដឹងថា មានប្រសិទ្ធភាព ៩០%»។
ចំណែកឯ ប្រធានធិបតីជាប់ឆ្នោតលោក ចូ បៃឌិន វិញ ក៏បានអបអរសាទរចំពោះដំណឹងល្អ ដែលមនុស្សគ្រប់រូបទន្ទឹមរងចាំនេះផងដែរ។ ប៉ុន្តែលោកបានព្រមានថា ជំងឺរាតត្បាតនេះ នឹងនៅតែជាបញ្ហាចោទ ជាច្រើនខែទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក បៃឌិន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអបអរសាទរចំពោះស្ត្រីនិងបុរសដែលពូកែអស្ចារ្យ ដែលបានជួយបង្កើតនូវរបកគំហើញនេះ និងផ្តល់បុព្វហេតុបែបនេះសម្រាប់ក្តីសង្ឃឹម។ ប៉ុន្តែទន្ទឹមនឹងនេះ វាជាការសំខាន់ណាស់ដែលត្រូវយល់ថា ចុងបញ្ចប់នៃការប្រយុទ្ធប្រឆាំងនឹង COVID-19 នឹងត្រូវអូសបន្លាយច្រើនខែទៀត»។
ក្រុមហ៊ុនផលិតឱសថ Pfizer របស់អាល្លឺម៉ង់ បានឲ្យដឹងនៅថ្ងៃចន្ទថា ផ្អែកលើលទ្ធផល នៃការធ្វើតេស្តវ៉ាក់សាំង COVID-19 បានបង្ហាញថា វ៉ាក់សាំងដំបូងរបស់ខ្លួន អាចការពារមនុស្សកុំឲ្យឆ្លងជំងឺរាតត្បាតសកល COVID-19 បានរហូតដល់ជាង ៩០% ហើយគ្រោងនឹងស្នើសុំការអនុម័តបន្ទាន់ ដើម្បីប្រើប្រាស់នៅចុងខែនេះតែម្តង។
សូមបញ្ជាក់ថា៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥០,៧២៨,៨៨៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ១,២៦១,៩៧១នាក់ និងជាសះស្បើយឡើងវិញ ៣៥,៧៩២,៥៨៨នាក់៕

ដោយ៖សិលា


ចែករំលែក៖