ភ្នំពេញ៖ ចាប់ពីថ្ងៃទី១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន និងថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតតិចទៅមធ្យម។ នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០។
យោងការសង្កេតតាមដាន ស្ថានភាពអាកាសធាតុឃើញថា ព្យុះទី២១ ឈ្មោះ អេតូ ( ETAU ) បាននឹងកំពុងធ្វើបន្ដដំណើរឆ្ពោះមកទិសខាងលិច ។ តាមការព្យាករ ព្យុះនេះនឹងចូលដល់លើភាគខាងត្បូង ប្រទេសវៀតណាម និងភាគខាងកើត ប្រទេសកម្ពុជាមុននឹងថមថយឥទ្ធិពលជាវិសម្ពាធនិងសម្ពាធទាបនៅថ្ងៃទី១០ ខែវិច្ឆិកា ។ ដោយឡែកនៅលើសមុទ្រខាងកើតប្រទេសហ្វីលីពីន កើតនូវព្យុះទី២២ ឈ្មោះ វ៉ាមកូ ( VAMCO ) ។ តាមការព្យាករ ព្យុះនេះនឹងវិវត្តខ្លួនជាលំដាប់ទៅជាព្យុះ
ទីហ្វុង នៅពេលឆ្លងចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយដំណើររបស់ព្យុះនេះនឹងចូលមកដល់លើភាគកណ្តាលប្រទេសវៀតណាម នៅ ថ្ងៃទី១៥ ខែវិច្ឆិកា ដោយថមថយឥទ្ធិពលមកជាវិសម្ពាធទាបមុន
នឹងថមថយមកជាសម្ពាធទាបនៅលើភាគឦសានប្រទេសកម្ពុជា ។
ស្ថានភាពបែបនេះធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
នៅថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន ។
នៅថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតតិចទៅមធ្យម ។
២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២០-២១ °C
– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
នៅថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតមធ្យមទៅច្រើន ។
នៅថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀង-ខ្យល់ក្នុងកម្រិតមធ្យម ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
នៅថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតតិចទៅបង្គួរ ។
នៅថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតមធ្យម ព្រមទាំងរលកសមុទ្រអាចមាន
កម្ពស់ខ្ពស់ជាបង្គួរ ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលេី សូមសាធារណៈជនជ្រាបជាព័ត៌មាន និងមាន
ការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលនឹងអាចកេីតមានជាយថាហេតុណាមួយ៕
ដោយ៖សុខ ខេមរា