ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ៖ បន្តរកឃើញគ្រឹះស្ថានសិក្សាឯកជន និងអង្គភាពផ្សេងទៀត កើនឡើងដល់ចំនួន១២ ដែលជាប់ពាក់ព័ន្ធអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា

ចែករំលែក៖

ភ្នំពេញ៖ បើគិតត្រឹមយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានបន្តរកឃើញគ្រឹះស្ថានសិក្សាឯកជន និងទីតាំងអង្គភាពផ្សេងទៀត សរុបកើនដល់ចំនួន១២ ដែលជាប់ពាក់ព័ន្ធអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា។ 

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី០៩ វិច្ឆិកាម្សិលមិញ ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញថា អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣ វិច្ឆិកា សរុបមាន៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន០២ ក្លឹបហាត់កីឡាការ៉ាតេដូចំនួន១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងគ្រឹះស្ថានសិក្សាឯកជនចំនួន០៩។

អ្នកនាំពាក្យរូបនេះ បន្តថា អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងនេះ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំ របស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន។ ក្រសួងអប់រំ យុវជន និងកីឡា បានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនជាបណ្តោះអាសន្នរយ:ពេល០២សប្តាហ៍ និងបន្តការសិក្សាតាមអនឡាញនៅរាជធានីភ្នំពេញ ទីរួមខេត្តកណ្តាល និងទីតាំងគោលដៅ។ ជាមួយគ្នានេះក្រសួងអប់រំ យុវជន និងកីឡាបានផ្អាកដំណើរការជាបណ្តោះអាសន្ន នៅពហុកីឡដ្ឋានជាតិអូឡាំពិក រហូតដល់មានការជូនដំណឹងជាថ្មី។ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធ ស្ថិតក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល។

លោក រស់ សុវាចា បញ្ជាក់ទៀតថា ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់អ្នកពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ មេត្តាបន្តរាយការណ៍ជូនក្រសួងតាមរយ:លេខទូរស័ព្ទ០១២ ៣៣៥ ៩៩៩។ ចំពោះមុខនេះ អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការសុវត្ថិភាពសុខភាពតាមគោលការណ៍ប្រតិបត្តិស្តង់ដារ របស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។

គួរជម្រាបថា ស្ថានភាពនៃអង្គភាពក្រោមឱវាទក្រសួងគិតត្រឹមយប់ថ្ងៃទី០៩វិច្ឆិកា ឆ្នាំ២០២០៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តទី២៖ សមាជិកមួយចំនួនបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា។ គ្រឹះស្ថានសិក្សាទី៩៖ សិស្ស៣រូបមានមាតាបិតា បានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

ស្ថានភាពនៃអង្គភាពក្រោមឱវាទក្រសួងគិតត្រឹមយប់ថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០២០៖ ក្លឹបហាត់ការ៉ាតេដូ១នៅពហុកីឡដ្ឋានជាតិអូឡាំពិក៖ គ្រូបង្ហាត់កីឡាការ៉ាតេដូ ដែលជាអង្គរក្សជនជាតិខ្មែរការពារផ្ទាល់អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។ 

ចំណែកមន្ទីរអប់រំ យុវជន និងកីឡា ខេត្តទី១៖ បុគ្គលិកនិងសមាជិកគ្រួសារចំនួន២៣រូប បានទទួលទានអាហារជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។ គ្រឹះស្ថានសិក្សាទី៨៖ សិស្ស២រូបមានមាតាបិតា បានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។ គ្រឹះស្ថានសិក្សាទី៧៖ សិស្ស១រូបមានមាតាបិតា បានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

ស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២០៖ គ្រឹះស្ថានសិក្សាទី៦៖ សិស្ស២រូបមានមាតាបិតា ដែលបានទទួលទានអាហារជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។ គ្រឹះស្ថានសិក្សាទី៥៖ សិស្ស២រូបមានមាតាបិតា បានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

ស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០២០៖ គ្រឹះស្ថានសិក្សាទី៤៖ សិស្ស២រូបមានមាតាបិតា បានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។គ្រឹះស្ថានសិក្សាទី៣៖ សិស្ស២រូបមានមាតាបិតា បានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។ គ្រឹះស្ថានសិក្សាទី២៖ សិស្ស២រូបមានមាតាបិតា បានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។ គ្រឹះស្ថានសិក្សាទី១៖ បុគ្គលិក១រូបបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណជូនគ្រប់ភាគីពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការទាន់ពេលវេលា ប្រកបដោយសុក្រឹតភាព៕ដោយ៖ស តារា


ចែករំលែក៖