ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចអាចនឹងស្នើទៅព្រះករុណា ព្រះមហាក្សត្រ ដើម្បីដាក់ប្រទេសក្នុងគ្រាអាសន្នបាន ព្រោះថាច្បាប់មានរួចហើយ ប៉ុន្តែកម្ពុជានៅពេលនេះ ពុំទាន់ដល់ដំណាក់កាលហ្នឹងនៅឡើយទេ។
បើយោងតាមទីភ្នាក់ងារAKP បានដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងសារសម្លេងដែលទទួលបាននៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ គូសបញ្ជាក់ថា៖ “ខ្ញុំកំពុងតែគិតថា តើត្រូវប្រកាសបិទរាជធានីភ្នំពេញ ឬផ្នែកណាមួយនៅក្នុងប្រទេសឬទេ? ព្រោះថាច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មាននៅក្នុងដៃរួចហើយ ដូច្នេះ ខ្ញុំអាចនឹងស្នើទៅព្រះករុណា ព្រះមហាក្សត្រ ដើម្បីព្រះអង្គឡាយព្រះហស្ថលេខា ដើម្បីដាក់ប្រទេសជាតិ ក្នុងផ្នែកណាមួយ ឬរាជធានីភ្នំពេញ ឬអាចប្រទេសទាំងមូល ក្នុងគ្រាមានអាសន្នបាន ក៏ប៉ុន្តែខ្ញុំមិនចង់ទៅដល់នោះទេ ព្រោះនឹងប៉ះពាល់ទៅដល់សិទ្ធសេរីភាពមនុស្សច្រើនគ្នា ខណៈអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល មានត្រឹមជាង ៩០០នាក់ប៉ុណ្ណោះ”។
ប៉ុន្តែសម្តេចតេជោ បានអះអាងរួចហើយថា ការគិតរបស់សម្តេចនេះ គឺក្រោយពេលនៃការអំពាវនាវដ៏ទទូច របស់សម្តេចពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ និងម៉ត់ចត់ជាទីបំផុត របស់អ្នកដែលបានចូលរួមដោយផ្ទាល់ និងប្រយោល នៃព្រឹត្តិការណ៍ ថ្ងៃ០៣ វិច្ឆិកា ប៉ុណ្ណោះ។
គួររម្លឹកផងដែរថា ច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដែលមាន ១២មាត្រា ត្រូវបានចុះហត្ថលេខាដោយ សម្តេចប្រមុខរដ្ឋស្តីទី និងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ កន្លងទៅ៕ដោយ៖ស តារា