ភ្នំពេញ៖ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃអង្គារ៍ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យសម្ដេចក្រឡាហោម ព្រមទាំងសហការី បានញ្ជើញប្រគេនម៉ាស៊ីនអេកូសាស្រ្ត ថ្វាយសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី។
ម៉ាស៊ីនអេកូសាស្រ្ត ដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រគេនថ្វាយសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី នាឱកាសនេះ នឹងត្រូវយកទៅបំពាក់ ព្រមទាំងដាក់ឱ្យប្រើប្រាស់ នៅប៉ុស្ត៍សុខភាពសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី- ព្រះករុណាព្រះមហាក្សត្រ សីហមុនី ស្ថិតនៅក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ប៉ុស្តិ៍សុខភាពសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី-ព្រះករុណាព្រះមហាក្សត្រ សីហមុនី ត្រូវបានប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៣ ខែតុលា កន្លងទៅ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ប៉ុស្ដិ៍សុខភាពនេះ ពិតមែនតែមានទំហំតូច ប៉ុន្ដែត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បួង មានព្រះរាជបន្ទូលថា ជាទីកន្លែងសម្រាប់ជួយសម្រាលបន្ទុកសុខាភិបាលមួយកម្រិត ងាចឱ្យប្រជារាស្ដ្រអញ្ជើញមកពិនិត្យ ព្យាបាល និងពិគ្រោះជំងឺបានជារៀងរាល់ថ្ងៃ និងក្នុងករណីមានជំងឺធ្ងន់ធ្ងរក៏អាចបញ្ជូនបន្ដទៅព្យាបាលនៅមន្ទីរពេទ្យស្រុក ឬខេត្តទៀត តាមរយៈរថយន្តសង្គ្រោះបន្ទាន់។
នៅក្នុងឱកាសប្រគេនម៉ាស៊ីនអេកូសាស្ត្រ ថ្វាយសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី នោះដែរ លោកសន្តិបណ្ឌិត ខៀវ សុភ័គ ក៏បានទូលថ្វាយសម្ដេចព្រះមហាសង្ឃរាជាធិបតីថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី នឹងបន្តប្រគេនថ្វាយនូវរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងទៀត នៅពេលរថយន្តនោះត្រូវបានដឹកមកដល់កម្ពុជា៕ដោយ៖ស តារា