ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខណ្ឌចំការមនយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាចែកជូនប្រជាជនរងគ្រោះដោយអគ្គិភ័យបំផ្លាញផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ កាលព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដឹកនាំដោយ លោក ថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌចំការមននិងក្រុមការងារបានយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនបងប្អូនប្រជាជនដែលរងគ្រោះដោយអគ្គិភ័យបំផ្លាញផ្ទះពួកគាត់កាលពីពេលយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ស្ថិតនៅសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ចំនួន៦គ្រួសារ ។
នាពេលនោះដែរ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមនបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកនូវទុក្ខលំបាកជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ផងដែរ។ទន្ទឹមនឹងនេះដែរលោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខណ្ឌក៏បានអំពាវនាវដល់បងប្អូនប្រជាជនទាំងអស់សូមឱ្យមានការប្រុងប្រយ័ត្នជានិច្ចនូវភ្លើងទៀន ធូប ចង្ក្រាន ហ្គាស និងវត្ថុផ្សេងៗដែលងាយឆាបឆេះដែលស្របពេលនេះគឺជារដូវរំហើយដោយធ្លាក់ខ្យល់មកពីទិសខាងជើងផងដែរនិងការតបណ្តាញអគ្គិសនីប្រើប្រាស់ត្រូវរកអ្នកជំនាញបច្ចេកទេសមកតឲ្យបានច្បាស់លាស់ដើម្បីចៀសវាងនូវគ្រោះអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ ។
ជាមួយគ្នានេះលោកអភិបាលខណ្ឌចំការមនសូមអំពាវនាវដល់បងប្អូនប្រជាជនទាំងអស់ត្រូវយកចិត្តទុកដាក់ពីសុខភាព ត្រូវមានអនាម័យ ត្រូវបរិភោគអាហារចម្អិនបានឆ្អិនល្អ ពិសាទឹកដាំពុះ ដើម្បីជៀសវាងជំងឺតម្កាត់ផ្សេងៗ​។
អំណោយមនុស្សធម៍ដែលបានផ្តល់ជូន១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកសុីអុីវ១យួរ, កន្ទេល១, ក្រមា១, ស្ករស១គីឡូក្រាម,
សាប៊ូ១ដុំ, អាល់កុល១ដប, ម៉ាស់១ដុំ, សម្ភារផ្ទះបាយ៥មុខ និងថវិកា២០មុឺនរៀល៕ ជីណា


ចែករំលែក៖