ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចជំនាញកោសល្យវិច័យសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យ និងស្រាវជ្រាវករណីប្រទះឃើញសពលើដើមឈើខាងក្រោយភូមិ បន្ទាប់បានបាត់ខ្លួនកាលពី៥ថ្ងៃកន្លងមក ។
ហេតុការណ៍សមត្ថកិច្ចសហការចុះពិនិត្យ និងស្រាវជ្រាវជុំវិញករណីប្រទះឃើញសពខាងលើ ធ្វើឡើងនារសៀលថ្ងៃចន្ទ ៩រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចត្រពាំងអំពិល ស្ថិតនៅភូមិ.ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
មន្ត្រីនគរបាលប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រងិល បានឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា ជនរងគ្រោះឈ្មោះ វីន ភេទប្រុស អាយុប្រមាណ១៧ឆ្នាំ ជនជាតិខ្មែរ ធ្លាប់ស្នាក់នៅផ្ទះអ្នកនេះអ្នកនោះ ស្ថិតនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
មន្ត្រីនគរបាលប៉ុស្ដិ៍ដដែលបន្តទៀតថា តាមការស្រាវជ្រាវជននេះធ្លាប់រស់នៅភូមិ.ឃុំខាងលើពិតមែន ប៉ុន្តែបានបាត់ពីមូលដ្ឋាននេះប្រមាណ១ឆ្នាំហើយ ស្រាប់តែឃើញមុខបានប៉ុន្មានថ្ងៃក៍បាត់ទៀត ក៍ស្លាប់ប្រទះឃើញចងកធ្វើអត្តឃាតបែបនេះ ជនរងគ្រោះរូបនេះមានសតិមិនគ្រប់ ហើយក៍មិនដឹងខ្ចាត់ព្រាត់មកណាពិប្រាកដនោះដែរ ។
មន្ត្រីប៉ុស្ដិ៍បញ្ជាក់បន្ថែមទៀតថា សពបានចងកធ្វើអត្តឃាតពិតប្រាកដ ដោយបានយកអាវយឺតចងភ្ជាប់ទៅដើមឈើ(ក្រូចឆ្មាព្រៃ)កម្ពស់ប្រមាណ៣ម៉ែត្រ សពទទួលបញ្ជា និងសម្រេចបូជានៅកន្លែងកើតហេតុ ព្រោះសពមានសភាពហើមស្អុយ ៕
ដោយ៖ បុឹម ពិន