ខេត្តកំពង់ចាម ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ដ្រីជំនាញផ្នែកវប្បធម៌ បានចុះពិនិត្យដំណើរការសាងសង់នៅវត្តព្រះមហោសថសុវណ្ណគិរីបឹងដែង (ហៅវត្តឈូកមាស) ស្ថិតក្នុងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម នាព្រឹកថ្ងៃអង្គារ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។
វត្តព្រះមហោសថសុវណ្ណគិរីបឹងដែង (ហៅវត្តឈូកមាស) គឺជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ដែលត្រូវបានរៀបចំកសាងឡើងវិញក្នុងឆ្នាំ ២០០០ ក្រោមគំនិតផ្តួចផ្តើមកសាងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាសំណង់ប្រវត្តិសាស្រ្តនៅសម័យតេជោសែន ដែលត្រូវបានប្រគល់សិទ្ធិជូនលោកឃឹម សារិទ្ធ អតីតរដ្ឋលេ ខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកដឹកនាំកសាង។
ដោយឡែកការអញ្ជើញមកពិនិត្យមើលសំណង់នាព្រឹកនេះ គឺតាមរយៈការស្នើសុំរបស់ព្រះចៅអធិការ ព្រះនាម ព្រះគ្រូវិជ័យធម្មបាល ទីន ទី ក្នុងការសាងសង់កុដិរបស់ព្រះចៅអធិការវត្ត ដែលកសាងទើបតែបានចំនួន៤0% របងនិងបង្កាន់ដែនៅខ្វះប្រវែង១៨៥ម៉ែត្រ ខ្វះលូរំដោះទឹកប្រវែង៩៦ម៉ែត្រ និងស្នើសុំលាបពណ៌សាឡុំឡើងវិញ ។
លោកស្រីឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ទើបយើងទាំងអស់គ្នាមានឱកាសកសាងនិងមានការភិវឌ្ឍទាំងក្នុងវិស័យពុទ្ធចក្រនិងវិស័យអាណាចក្រ ។ បើទោះបីជាយើងមានសន្តិភាព ក៏យើង នៅប្រឈមនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ស្របពេលដែលពិភពលោកបាននិងកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំង នោះ។
លោកស្រីឧបនាយករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើឲ្យមន្ត្រីរាជការ ក៏ដូចជា ប្រជាពលរដ្ឋត្រូវយកចិត្តទុក្ខដាក់និងប្រុងប្រយ័ត្នខ្ពស់ក្នុងការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវជំងឺកូវីដ-១៩ ។
ជាពិសេសលោកស្រីក៏បានអំពាវនាវដល់អ្នកដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃ៣ វិច្ឆិកា ត្រូវធ្វើចត្តាឡីស័កដោយដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក១៤ថ្ងៃ ដើម្បីទប់ស្កាត់ក្នុងការឆ្លងរីករាលដាលដល់ក្នុងសហគមន៍របស់ខ្លួនផងដែរ ៕ សំរិត