ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ក្រសួង​មិនដែល​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​កម្មវិធី​ដែល​មានការ​ជួបជុំ​គ្នា​ច្រើន​ដូច​ជា ការ​រៀប​អាពាហ៍ពិពាហ៍ និង​ពិធី​ផ្សេង​ៗនោះ​ទេ

ចែករំលែក៖

ភ្នំពេញ៖ នៅ​ថ្ងៃរសៀល​ថ្ងៃ​ទី​១០ ខែវិច្ឆិកាឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសជាថ្មីម្តងទៀតក្នុង​ការមិនអនុញ្ញាតឲ្យមានការជួបជុំប្រមូលផ្តុំ​គ្នា​មាន​ចំនួន​ច្រើន ។ ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បន្ទាប់​ពី​គេ​សង្កេត​ឃើញ​ថា​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍ និង​ពិធី​ផ្សេង​ៗដែល​មានការ​ជួបជុំ​មនុស្សច្រើន​បាន​មាន​ច្រើន​ជាបន្តបន្ទាប់។ 

លោក​ស្រីឱ វណ្ឌ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បានបន្ត​ថា ក្រសួង​មិន​ដែលបានអនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​គ្នា​ដែល​មាន​ចំនួន​ច្រើន​នោះ​ទេ ។

លោក​ស្រីបានបញ្ជាក់ថា ៖«​កន្លង​មក​យើង​អត់​ដែល​បាន​ប្រកាស​ឲ្យ​បើក​ឲ្យ​មានការ​រៀបចំ​រៀប​អាពាហ៍ពិពាហ៍ បុណ្យ និង​ពិធី​ផ្សេង​ៗ ដែល​មាន​មនុស្ស​ប្រមូលផ្តុំ​ច្រើន​នោះទេ ហើយ​ក្រសួង​តែង​តែអំពាវនាវ​ឲ្យ​ង​ប្អូន​កាត់​បន្ថយ​ការ​ជួបជុំ​ឲ្យ​បាន​ជាអតិ​បរ​មា​ទ្រង់ទ្រាយ​ធំ ប៉ុន្តែ​ក្នុង​ករណី​ចាំបាច់ មានការ​ជួបជុំ​គ្នា​ត្រូវ​អនុវត្ត​រក្សា​គម្លាតបុគ្គល​ពី​១​ម៉ែត្រ​កន្លះ​ឡើង​ទៅ និង​អនុវត្ត​វិធានការ​ក្រសួងសុខាភិបាល​» ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា បើសិន​ក្នុង​ករណី​ចាំបាច់​បំផុត​អ្នក​ដែល​ចូល​រួម​ក្នុង​ពិធី​ត្រូវ​អនុវត្ត​ដូច​ជា បាញ់​អា​ល់​កុ​ល ជែ​ល ស្ទង់​កម្តៅ និង​ពាក់​ម៉ាស់ ដែល​ជា​វិធានការ​របស់​ក្រសួងសុខាភិបាល​បាន​ដាក់​ចេញ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ស្រីអ្នកនាំពាក្យបានគូសបញ្ជាក់ថា ប​ច្ចុ​ប្បន្ន​នេះ​ក្រសួង​បាន​និងកំពុង​ពិភាក្សា​គ្នា​ក្នុង​ការ​ហាមឃាត់​ជា​ថ្មី ហើយ​បើ​មាន​អ្វី​ថ្មី​ក្រសួង​នឹង​ចេញ​ជា​បន្តបន្ទាប់ ។ ពាក់ព័ន្ធ​នឹង​ការ​ហាមឃាត់​ចំពោះ​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍ ពិ​ធីបុណ្យ និង​កម្មវិធី​ផ្សេង​ៗ​អ្នកនាំពាក្យ​បាន​អះអាង​ថា ចាប់តាំងពី​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​កម្មវិធី​ផ្សេង​ដូច​ជា រៀប​អាពាហ៍ពិពាហ៍ កម្មវិធី​ជប់លៀង និង​ពិធី​ផ្សេង​ៗ​កន្លង​មក ក្រសួង​មិន​ដែល​បើក​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​កម្មវិធី​នេះ​(​រៀប​អាពាហ៍ពិពាហ៍ ជប់លៀង ឬ​ពិធី​ផ្សេង​ៗ)​នោះ​ទេ ៕

ដោយ៖សូរិយា


ចែករំលែក៖