ភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយរោគសញ្ញានៃជំងឺកូវីដ–១៩ ដែលកំពុងចែកចាយព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងបណ្ដាញសង្គមផ្សេងទៀតនាពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱវណ្ណឌីន បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មានតាមប្រព័ន្ធសង្គមតេឡេក្រាមប្រឆាំងព័ត៌មានក្លែងក្លាយ ថា៖ ក្រសួងសុខាភិបាលបានធ្វើការច្រានចោលនូវការផ្សព្វផ្សាយរោគសញ្ញានៃជំងឺកូវីដ–១៩ ទាំងនេះ ព្រោះគ្មានប្រភពច្បាស់លាស់នោះទេ ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ឲ្យដឹងទៀតថា៖ ការផ្ញើសារតាមបែបសរសេរអក្សរលើរូបភាព Screenshot ពីទូរស័ព្ទអំពីការចែកចាយពីរោគសញ្ញាតៗគ្នានេះ ” ក្រសួងសុខាភិបាល សុំច្រានចោលនូវការផ្សាយនេះ ហើយសុំកុំចែកចាយបន្ត ដែលបន្តធ្វើឲ្យមានការយល់ច្រលំ ” ។
ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល ក៏បានអំពាវនាវឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។
គួរបញ្ជាក់ដែរថា ការផ្សព្វផ្សាយតៗគ្នាអំពីរោគសញ្ញានៃជំងឺកូវីដ–១៩ នៅលើបណ្ដាញហ្វេសប៊ុក កើតឡើងម្ដងទៀតនៅក្នុងហ្វេសប៊ុកខ្មែរ ក្រោយមានព្រឹត្តិការណ៍ “៣វិច្ឆិកា” ៕
ដោយ៖ស តារា