ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងស្វាយរៀងនិងមន្ទីរទេសចរណ៍ខេត្តបានចុះផ្សព្វផ្សាយលិខិតលេខ ២២៣ សខល ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល និងលិខិតលេខ ៧១០ សជណ.អគឧ ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ របស់ក្រសួងទេសចរណ៍ ស្ដីពីការបិទKTV ក្លិបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេសក្នុងស្ថានភាពបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កំពុងរីករាលដាលជាសកល ។
ការចុះត្រួតពិនិត្យនេះបានធ្វើឡើងនារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ដឹកនាំដោយលោកជួន ចាន់ឬទ្ធី អភិបាលរងតំណាងលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង លោកវ៉ាន់ សារ៉ាត់ ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង សហការជាមួយនឹងលោកអធិការ លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងនិងសមត្ថកិច្ចដែលពាក់ព័ន្ធមួយចំនួនទៀត។
បើតាមលោកជួន ចាន់ឬទ្ធី អភិបាលរងក្រុងស្វាយរៀងបានឱ្យដឹងថា ការចុះផ្សព្វផ្សាយរហូតដល់រសៀលនេះគឺធើ្វឡើងបានសរុបចំនួន៦ទីតាំងធំៗហើយ ដោយរដ្ឋបាលក្រុងបន្តចុះជាបន្តបន្ទាប់ទៀត។នេះជាយុទ្ធនាការបន្ទាន់ និងចាំបាច់បំផុតអនុវត្តគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ពិសេសរាជរដ្ឋាភិបាល ស្តីពីការបិទផ្អាកជាបណ្តោះអាសន្ននូវការធ្វើអាជីវកម្មខារ៉ាអូខេ ក្លិបកម្សាន្ត ឬក្លិបហាត់ប្រាណប្រជុំដោយមនុស្សច្រើន។
លោកបានបន្ថែមទៀតថា រឹតតែសំខាន់ម្ចាស់ទីតាំងទាំងអស់ខាងលើ ក៏មិនត្រូវលួចលាក់បើកដំណើរការអាជីវកម្មរបស់ខ្លួនស្ងាត់ៗនោះឡើយ បើពុំនោះទេក្នុងករណីដែលមន្ត្រីជំនាញបានរកឃើញចំពោះការបំពានល្មើសកិច្ចសន្យា រដ្ឋបាលក្រុងនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ដូចនេះម្ចាស់អាជីវកម្មទាំងអស់ត្រូវតែចូលរួមអនុវត្តតាម ក្នុងករណីចាំបាច់នេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងកាលៈទេសៈនេះ។
សូមបញ្ជាក់ថា ក្រសួងទេសចរណ៍នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបន្តផ្សព្វផ្សាយក្រើនរំលឹកសាជាថ្មីដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ឱ្យយកចិត្តទុកដាក់អនុវត្ត និងរៀបចំតាមវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩៕
ដោយ៖យឹម សុថាន