រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការនយោបាយ លោកJames Anderson បានដាក់លិខិតសុំលាលែងចេញពីតំណែង ក្រោយពេលរដ្ឋមន្ត្រីការពារជាតិលោកMark Esper ត្រូវលោកត្រាំដកចេញពីតំណែង។
សារព័ត៌មានSouth China Morning Post បានផ្សាយថា រដ្ឋលេខាធិការក្រសួងការពារជាតិទទួលបន្ទុកគោលនយោបាយ លោក James Anderson បានដាក់លិខិតលាលែងចេញពីតំណែង នៅថ្ងៃទី១០ខែវិច្ឆិកា ក្រោយមួយថ្ងៃដែលរដ្ឋមន្ត្រីការពារជាតិMark Esper ត្រូវប្រធានាធិបតីដូណាល់ត្រាំដកតំណែង។
មន្ត្រីក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ថា លោក James Anderson មិនចុះសម្រុងជាមួយមន្ត្រីនៅសេតវិមានលើបញ្ហានយោបាយមួយចំនួន។ ជាមួយគ្នានោះដែរ រដ្ឋលេខាធិការក្រសួងការពារជាតិទទួលបន្ទុកកិច្ចការចារកិច្ចនិងជាប្រធានការិយាល័យរបស់រដ្ឋមន្ត្រីការពារជាតិក៏បានដាក់លិខិតលាលែងចេញពីតំណែងផងដែរ។
លោក James Anderson គឺជាជំនួយការរដ្ឋមន្ត្រីការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា ក្រោមរដ្ឋកាលរបស់លោកប៊ូស ។លោកJames Andersonជាមន្ត្រីដែលមានបទពិសោធន៍ខ្ពស់នៅក្នុងឆាកនយោបាយ៕ដោយ៖ធី រីណា