អន្តរជាតិ៖ ខណៈដែលក្រុមអ្នកផ្សាយពាណិជ្ជកម្មអាហារតាមអនឡាញកំពុងបំផ្លាញសុខភាពរបស់ប្រជាជន រដ្ឋាភិបាលចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារទី១០ ខែវិច្ឆិកាថ្មីៗនេះ បានស្នើការចេញបំរាមលើ ការផ្សាយពាណិជ្ជកម្មម្ហូបអាហារ ដែលមិនល្អចំពោះសុខភាព ដើម្បីលើកកម្ពស់សុខភាពសាធារណៈ ឲ្យប្រសើរឡើងវិញ ចំពោះមុខវិបត្តិ COVID-19 ដែលកំពុងរីករាលដាលយ៉ាងកំហុស។
បើតាមទីភ្នាក់ងារសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១១ ខែវិច្ឆិកាឆ្នាំ២០២០ បានដកស្រង់ពីរដ្ឋាភិបាលអង់គ្លេស បានលើកឡើងថា ជំងឺធាត់លើសទម្ងន់ គឺជាបញ្ហាសុខភាពសាធារណៈដ៏ធំ និងយូរអង្វែងបំផុតមួយរបស់ចក្រភពអង់គ្លេស ដោយជិតពីរភាគបីនៃមនុស្សពេញវ័យនៅអង់គ្លេសសុទ្ធតែធាត់លើសទម្ងន់ ហើយក្មេងៗម្នាក់ក្នុងចំណោមបីនាក់ គឺតែងមានបញ្ហានេះ។
ជាក់ស្តែងផែនការដាក់បំរាមខាងលើរបស់រដ្ឋាភិបាលអង់គ្លេស មានគោលដៅហាមឃាត់ការផ្សាយពាណិជ្ជកម្ម គ្រប់ទម្រង់តាមអនឡាញ អំពីប្រភេទអាហារទាំងឡាយណា ដែលមានសម្បូរសារធាតុខ្លាញ់ ស្ករ និងអំបិលខ្ពស់។
បើតាមលោក ម៉ាត់ ហានខក់ (Matt Hancock) រដ្ឋមន្រ្តីសុខាភិបាល នៃចក្រភពអង់គ្លេស បានបញ្ជាក់ថា ស្របពេលដែលក្មេងៗបច្ចុប្បន្នចំណាយពេលកាន់តែច្រើនឡើងនៅលើអ៉ីនធើណិត ឪពុកម្តាយពួកគេចង់បានការជួយធានាថា ពួកគេនឹងមិនរងឥទ្ធិពល នៃការផ្សព្វផ្សាយលើកកម្ពស់អំពីអាហារមិនល្អ ចំពោះសុខភាពនោះឡើយ ដែលអាចប៉ះពាល់ដល់ទម្លាប់ហូបអាហាររបស់ពួកគេ អស់មួយជីវិតបាន។
គួរបញ្ជាក់ថា ចំពោះផែនការចាត់វិធានការ លើក្រុមអ្នកផ្សាយពាណិជ្ជកម្មអាហារ តាមអនឡាញខាងខាងលើនេះ កំពុងត្រូវឆ្លងកាត់ការប្រឹក្សាយោបល់ជាមួយឧស្សហកម្មពាក់ព័ន្ធ និងមហាជន ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀតដែលអាចនឹងចេញលទ្ធផល ឬសេចក្តីសម្រេចនៅក្នុងរយៈពេល ០៦សប្តាហ៍បន្ទាប់នេះ៕ដោយ៖ស តារា