ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យខឹងម្ចាស់កង់បីទារលុយមុនទៅដល់គោលដៅក្មេងស្ទាវ១ក្រុមយកដុំថ្មគប់បែកក្បាល

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណជា១០នាក់បានជិះម៉ូតូកង់បីខ្មែរមួយគ្រឿងហើយសង្ស័យមិនទាន់ដល់គោលដៅផងម្ចាស់រុឺម៉កទារលុយមុនធ្វើឱ្យពួកគេខឹងក៏លោតចុះចេញពីរុឺម៉ករួចយកដុំថ្មគប់លើម្ចាស់កង់បីរបួសបែកក្បាល។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២០នៅចំណុចមុខហាងគោដុត៩៩៩៩ តាមបណ្តោយផ្លូវបេតុង ជិតវត្តអង្គតាមិញក្នុងសង្កាត់ចោមចៅទី
១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីជនរងគ្រោះនិងជាម្ចាស់រុឺម៉កកង់បីបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានដឹកក្មេងស្ទាវចំនួន១០ នាក់ចេញពីម្តុំស្តុបលូប្រាំ ក្នុងគោលបំណងទៅម្តុំវត្តគោកបញ្ជាន់ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ រូបគាត់មិនទុកចិត្តបានសុំលុយពីក្មេងៗទាំងនោះមុន ខណៈនោះស្រាប់តែក្រុមក្មេងស្ទាវទាំងនោះបានលោតចុះពីលើម៉ូតូកង់បីគាត់ជាបន្តបន្ទាប់គ្នា។ ភ្លាមនោះរូបគាត់ឃើញដូច្នោះក៏បានស្រែកឆោឡោ ស្រាប់តែក្មេងទាំងនោះបានយកដុំថ្មមកគប់ចំក្បាលរបស់គាត់បណ្ដាលឲ្យបែកក្បាលហូរឈាម រួចរូបគាត់បានយកអាវមករំុក្បាលដើម្បីកុំឱ្យហូរឈាម។ បន្ទាប់មកក្មេងទាំងនោះបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុជនរងគ្រោះបានឲ្យមិត្តភក្តិជួយអូសរុឺម៉កកង់បីទៅផ្ទះសិន រួចបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ តាមក្រោយ៕

ដោយ​ ៖ សុខាសែនជ័យ​


ចែករំលែក៖