ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបុករថយន្តធុនធំដែលខូចតាមផ្លូវស្លាប់២នាក់របួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយ រថយន្តធុនធំ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស ២នាក់ ស្លាប់និង២នាក់រងរបួសធ្ងន់ ។

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវជាតិលេខ57ត្រង់ចំណុចភូមិជាមន្រ្តី ឃុំ ត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

 សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តធុនធំ និងរថយន្តធុនធំ ២គ្រឿងនេះធ្វើដំណើរទិសដៅស្របគ្នា ពីកើតទៅលិច។លុះមកដល់កន្លែងកើតហេតុរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A 0987 បើកបរឈ្មោះ អូន មី ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិ ព្រៃរំដេង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ( របួសស្រាល ) និងអ្នករួមដំណើរ ឈ្មោះ សុខ សុភ័ណ្ឌ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិ ពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (ស្លាប់នៅកន្លែងកើតហេតុ ) រថយន្តនេះបានខូចហើយឈប់នៅលើចិញ្ចើមផ្លូវខាងស្តាំ។ពេលនោះអ្នកបើកបរ និងអ្នករួមដំណើរបានកាច់មែកឈើ មកដាក់ខាងក្រោយរថយន្ត ដែលខូចនោះចម្ងាយប្រហែល១០ម៉ែត្រទុកជាចំណាំ។  ក្រោយមកស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A 2542 បើកមកពីទិសដៅស្របគ្នា ពីកើតមកលិច បើកបរដោយឈ្មោះ យឹម ហេង ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិពោវាល ឃុំ រតនៈ ក្រុងខេត្តបាត់ដំបង (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរ ឈ្មោះ ចាន់ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិ ពោវាល ឃុំ រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (របួសស្រាល)មកដល់បានបុកចំរថយន្តដែលឈប់នោះពីក្រោយ បណ្តាលឲ្យរងរបួសនិងស្លាប់។ បន្ទាប់មកសាកសពទាំងពីរនាក់ បានប្រគល់ទៅឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ។

រីឯវត្ថុតាងរថយន្តទាំង២គ្រឿង ត្រូវបានកម្លាំងជំនាញចរាចរណ៍ខេត្តយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តន៍តាមនីតិវិធី៕ដោយ៖ប្រាថ្នា


ចែករំលែក៖