ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដេញចាប់រថយន្តដឹកឈើគ្រញូងប្រគល់ឱ្យជំនាញ

ចែករំលែក៖

ខេត្តក្រចេះ៖ រថយន្តកាមរីឆ្លាមមួយគ្រឿងដឹកឈើគ្រញូងល្មើសច្បាប់ពេញព្រៀបត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដេញស្ទាក់ចាប់បានភ្លាមៗបញ្ជូនទៅឱ្យជំនាញចាត់ការតាមនីតិវិធីច្បាប់ព្រៃឈើបន្ត។

ការដេញស្ទាក់ចាប់បានរថយន្តមួយគ្រឿងដឹកឈើគ្រញូងនោះកម្លាំងកងរាជអាវុធហត្ថបានធ្វើឡើងកាលពីថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២០នៅចំណុចភូមិសាស្រ្តស្រុកសំបូរ ខេត្តក្រចេះ។

លោកដូង វិចិត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានប្រាប់ថា ក្រោយពីទទូលបានព័ត៌មានរាយការណ៍មកថា មានរថយន្ដដឹកឈើល្មើសច្បាប់ លោកក៏បានចាត់កម្លាំងចុះល្បាតភ្លាមដែរហើយក៏ប្រទះឃើញតែម្តង ដោយបានធ្វើការស្ទាក់ឃាត់ ប៉ុន្តែរថយន្ដនោះនៅតែបន្តបន្ថែមល្បឿនមិនឈប់រហូតឆ្លងចូលភូមិសាស្រ្តស្រុកសំបូរខេត្តក្រចេះ ទើបចាប់បាន។

ប្រភពបន្តថា រថយន្តមួយគ្រឿងនេះបន្លំដឹកឈើគ្រញូងយកទៅឱ្យមេឈ្មួញវៀតណាមដោយចេញពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងឆ្លងកាត់ខេត្តក្រចេះចូលទៅប្រទេសវៀតណាម។

ពេលនេះសមត្ថកិច្ចកំពុងតែបន្តតាមចាប់ខ្លួនមេឈ្មួញវៀតណាមដែលកំពុងសម្ងំលាក់ខ្លួនដើរទិញឈើល្មើសច្បាប់ នៅស្រុកសៀមប៉ាងនោះហើយ។

 ប្រភពបង្ហើបទៀតថា ក្រុមឈ្មួញវៀតណាមដែលកំពុងលាក់ខ្លួនប្រមូលទិញឈើប្រណីតគ្រប់ប្រភេទនៅស្រុកសៀមប៉ាងនោះបានដាក់លុយឱ្យមេឈ្មួញខ្មែរចំនួន៣នាក់ រត់ការបង់លុយឱ្យសមត្ថកិច្ចតាមដងផ្លូវឆ្លងកាត់ចំនួនពីរខេត្តគឺខេត្តស្ទឹងត្រែងនិងខេត្តក្រចេះ ។

ប្រភពបង្ហើបឱ្យដឹងទៀតថា នៅខេត្តស្ទឹងត្រែងមានឈ្មោះស្រី នាង និងឈ្មោះ អាកាំងសម្រាប់ខេត្តស្ទឹងត្រែង។ចំណែកតាមដងផ្លូវខេត្តក្រចេះចូលប្រទេសវៀតណាម គឺមានឈ្មោះជុំ វុទ្ធីហៅ ធីកាបូ ជាអ្នករត់ការបន្ត។ជារៀងរាល់យប់ គេសង្កេតឃើញរថយន្តសាំយ៉ុង  រថយន្តហាយឡេនឌ័រ រថយន្តកាមរីបាឡែនដឹកឈើចេញពីស្រុកសៀមប៉ាង ឆ្ពោះចូលមកខេត្តស្ទឹងត្រែង រួចបង្ហួសឆ្លងកាត់ចូលខេត្តក្រចេះចូលប្រទេសវៀតណាមដោយរលូន ហើយគេមិនដែលឃើញមន្ត្រីជំនាញណាទប់ស្កាត់បានឡើយ ៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖