ព័ត៌មានទាន់ហេតុការណ៍៖

លោកតាអាយុ៦៩ឆ្នាំម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធករណីឈូសឆាយដីរដ្ឋ(ទីទួលសុវត្ថិភាព)ធ្វើកម្មសិទ្ធិ

ចែករំលែក៖

ខេត្ដឧត្ដរមានជ័យ៖ លោកតាអាយុ៦៩ឆ្នាំម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកអន្លង់វែងធ្វើការឃាត់ខ្លួននៅវេលាម៉ោង១១និង១៥នាទី ថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចអូរអំបិល ភូមិអូរតាម៉េង ឃុំស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងចំនួន៤នាក់ ប្រដាប់ដោយអាវុធ១ដើមវិទ្យុ៣គ្រឿង រថយន្ត១គ្រឿងដឹកនាំដោយលោកអនុសេនីយ៍ឯក ហើន សំបោន មេបញ្ជាការរងស្រុកអន្លង់វែង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែងចំនួន៣នាក់ដឹកនាំដោយលោកអនុសេនីយ៍ត្រី ទុយ តូ នាយរងផ្នែកព្រហ្មទណ្ឌនគរបាលស្រុកអន្លង់វែងចុះធ្វើការឃាត់ខ្លួនឈ្មោះ ជ័យ ឡាំ ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរធ្វើចម្ការបច្ចុប្បន្នរស់នៅភូមិរំចេកខាងកើត ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួននៅចំណុចអូរអំបិល ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យពីបទឈួសឆាយដីសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិ (ដីទួលសុវត្ថិភាព) នៅចំណុចអូរអំបិល ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមាជ័យកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានធ្វើការឃាត់ខ្លួននៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែងដើម្បីធ្វើការស្តាប់ចម្លើយនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖  ប៉ែន នួន


ចែករំលែក៖