ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ០០:២៥នាទីរំលងអធ្រាត្រឆ្លងចូល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវ 149C ( ផ្លូវបំបែក៦០ម៉ែត្រ ) ត្រង់ចំណុច ចំណោតទី២អាឡាំងឌឺឡុង ស្ថិតក្នុង ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ត ០១គ្រឿងម៉ាក COLORADO ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-0264 ( រថយន្តជាកម្មសិទ្ធរបស់ក្រុមហ៊ុនបេតុង អ៊ុយ ប៉ាង ) អ្នកបើកបរឈ្មោះ WANG XUSHENG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន រួមដំណើរមនុស្ស ០១នាក់ ឈ្មោះ ZHANG QI ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន អ្នកទាំងពីរ មានមុខរបរ បុគ្កលិក ក្រុមហ៊ុន បេតុង អ៊ុយប៉ាង ស្នាក់នៅបច្ចុប្បន្ន ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅ ពី ភ្នំ៩៦ ឆ្ពោះទៅ អូរត្រេះ លុះមកដល់ចំណុចខាងលើ បានជ្រុលចង្កូតទៅបុកនឹងរោងកម្មករកំពុងសម្រាកម្ចាស់ឈ្មោះ នឹម អៀប ភេទប្រុស អាយុ ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ ឆាន រី អាយុ ៤៧ឆ្នាំ អ្នកទាំងពីរ មានមុខរបរ កម្មករ និងស្នាក់នៅបច្ចុប្បន្ន ភូមិ៦ សង្កាត់លេខ ៤ ក្រុង/ខេត្តព្រះសីហនុ និងម៉ូតូ ០១គ្រឿង ព្រមទាំង សម្ភារមួយចំនួនក្នុងរោងកម្មករផងដែរ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យឈ្មោះ ឆាន រី ភេទស្រី កំពុងសម្រាកក្នុងរោងកម្មករ ស្លាប់នៅនឹងកន្លែងកើតហេតុ និងឈ្មោះ នឹម អៀប កំពុងសម្រាកក្នុងរោងកម្មករ រងរបួសធ្ងន់ បានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ក្រោយកើតហេតុអ្នកបើកបររថយន្ត ត្រូវបាននគរបាលនាំមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍តាមនីតិវិធី រីឯវត្ថុតាង រថយន្ត និង ម៉ូតូ សមត្ថកិច្ច ជំនាញ យកមករក្សារទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ