ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌទួលគោកនឹងពិន័យជាប្រាក់ចំពោះអ្នកចោលសំរាមគ្មានសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានលើកឡើងថា ចាប់ពីថ្ងៃនេះតទៅ ប្រជាពលរដ្ឋណាដែលទុកដាក់សំរាមមិនបានត្រឹមត្រូវធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ នឹងធ្វើការផាកពិន័យហើយ។

   ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២០នេះនៅមូលដ្ឋានខណ្ឌទួលគោកស្ថានភាពទូទៅរបស់ដេប៉ូសំរាមនៅមានសល់បន្តិចបន្តួច ដូច្នះអាជ្ញាធរសំណូមពរសូមបងប្អូនប្រជាពលរដ្ឋមេត្តាជួយវេចខ្ចប់និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវបន្តទៀត បើពុំដូច្នោះទេអាជ្ញាធរនឹងធ្វើការផាកពិន័យជាទឹកប្រាក់ចំនួន៥០.០០០រៀល។

គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឯក ឃុនដឿន បានដឹកនាំមន្ត្រីក្រោមឱវាទចុះសម្អាត ប្រមូលសំរាមនិងផ្សព្វផ្សាយអំពីការបង្ការនិងទប់ស្កាត់covid-19 នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដោយលោកបានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញមានសោភណភាព បរិស្ថានល្អ ហើយដើម្បីឱ្យប្រជាពលរដ្ឋរស់នៅដោយភាពស្អាតនោះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងបរិស្ថានបានបង្កើតឲ្យមានការដេញថ្លៃជ្រើសរើសក្រុមហ៊ុនប្រមូលសំរាមចំនួន៣ដើម្បីប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ។ 

លើសពីនេះទៀតលោកក៏បានបញ្ជាក់ផងដែរថា ក្រោយពីបង្កើតឲ្យមានក្រុមហ៊ុនប្រកួតប្រជែងគ្នាលើការប្រមូលសំរាម និងក្រោយពីមានការផ្សព្វផ្សាយ ណែនាំឱ្យបងប្អូនប្រជាពលរដ្ឋបញ្ចេញទុកដាក់សំរាមឲ្យបានត្រឹមត្រូវហើយនោះអាជ្ញាធររាជធានីភ្នំពេញនឹងធ្វើការផាកពិន័យទៅលើបងប្អូនប្រជាពលរដ្ឋណាដែលទុកដាក់សំរាមមិនបានត្រឹមត្រូវហើយ៕ដោយ៖ រ៉ារ៉ា


ចែករំលែក៖