ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច បញ្ជូនបងស្រីបង្កើតលោកស្រី ទ្រី ដាណា ដល់តុលាការភ្លាម ដួលសន្លប់ភ្លែត(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ នគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានបញ្ជូនបងស្រីបង្កើតលោកស្រី ទ្រី ដាណា គឺ លោកស្រី ទ្រី សុផានិត អាយុ៣៩ឆ្នាំ ដល់សាលាដំបូងរាជធានីភ្នំពេញទាំងគាត់មានជម្ងឺ តាមបណ្តឹងប្អូនស្រីឈ្មោះ ទ្រី ដាណា ចាប់បងខ្លួនឯងដាក់គុកនោះ។ 

អ្វីជាការកត់សម្គាល់ នោះ គ្រាន់តែឈានជើងដល់តុលាការ ភ្លាម បែរជាលោកស្រី ទ្រី សុផានិត ដួលសន្លប់ តែម្តង។ អាចជាមូលហេតុនៃជម្ងឺបែបនេះហើយ ទើបអ្នកស្រី ទ្រី សុផានិត ស្មើសុំពន្យាពេល ដោយ«ផ្តាសាយធំ»។ 

គួររំលឹកថា បងស្រីបង្កើតលោកស្រី ទ្រី ដាណា គឺ លោកស្រី ទ្រី សុផានិត ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ចាប់ខ្លួននៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ នៅចំណុចផ្លូវលេខ១៨២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយមានបណ្តឹងពីលោកស្រី ទ្រី ដាណា ។

សមត្ថកិច្ចចាប់ខ្លួន លោកស្រី ទ្រី សុផានិត នាពេលនេះ គឺធ្វើឡើងតាមដីកាបង្គាប់អោយនាំខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ , ញុះញង់ឲ្យមានការរើសអើង និង អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨  រហូតដល់ឆ្នាំ២០២០។ 

សូមបញ្ជាក់ថា៖ នៅពេលដែលសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនអ្នកស្រី ទ្រី សុផានិត  តាមបណ្ដឹងរបស់ប្អូនស្រីឈ្មោះទ្រី ដាណា តាមដីកា 

បង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ភ្លាមៗនោះ អ្នកស្រី ទ្រី សុផានិត ក៏បានធ្វើការឡាយផ្ទាល់លើ page របស់ខ្លួនដោយបញ្ជាក់ថា ៖ តាមពិត ទ្រី ដាណា ពិតជាបានប្ដឹងខ្ញុំ ពីបទបរហាកេរ្តិ៏ ដែលត្រូវជាបងស្រីរបស់គាត់បង្កើត ប្រៀបបានដូចជាម្ដាយរបស់វា  ។ លោកស្រីបានលើកឡើងថា ៖ ខ្ញុំបរិហារកេរ្តិ៍នេះពិតពីរឿងពិត  វាប្ដី១ពីបី  គឺខ្ញុំនិយាយពិត ខ្ញុំមិននិយាយបរិហារកេរ្តិ៍កុហកទេ គឺខ្ញុំជាបងវា ។ អ្នកស្រីបន្តថា៖ ប្ដីវាទី១ឈ្មោះអី ប្ដីវាទី២ឈ្មោះអី  ប្ដីវាទី៣ ឈ្មោះអី ខ្ញុំដឹង .. ខ្ញុំបាននិយាយការពិតទាំងអស់ …ខ្ញុំមិនបានបរិហារកេរ្តិ៍ទេ បង្កាច់បង្ខូចស្អីទេ ។ 

អ្នកស្រីបានបន្តតាមឡាយរបស់ខ្លួនថា ៖ ប្ដីមួយកូនមួយ , ប្ដីពីរកូនពីរ ,ប្ដីទី៣ នេះកូនទីបី , កូនទីបីដែលតូចនេះ។ អ្នកស្រីបានអៈ អាងថា៖ ខ្លួនពិតជាបាននិយាយមែន ហើយនិយាយជាសាធារណៈ នូវការពិតនិងសូមឱ្យបងប្អូនមេត្តាជួយ share page របស់ខ្លួនផងដែរ។ 

នេះគឺជារឿងហេតុដែលគួរឲ្យសោកស្ដាយបំផុត មិនគួរឲ្យកើតមាននៅក្នុងសង្គម ខណៈដែលប្អូនស្រីបង្កើត ប្តឹងបងដែលស្មើនឹងម្ដាយនោះដាក់គុក។ ជាពិសេស មជ្ឈដ្ឋានពីប្រជាពលរដ្ឋ បានលើកឡើងថា លោកស្រី ទ្រី ដាណា គាត់បានបង្ហាញនូវសកម្មភាព គ្រប់ទីកន្លែងជួយដល់ជនទីទាល់ក្រ ទីបំផុតហេតុអ្វីក៏គាត់ មកប្តឹងបងខ្លួនឯងបង្កើតដើម្បីចាប់ដាក់គុក។ សួរថា ៖ គ្រួសារមួយនេះ មានសុភមង្គល នឹងមានកិត្តិយស ក្នុងសង្គមដោយរបៀបណា គួរផ្តើមឱ្យមានការខន្តី ស្រឡាញ់គ្នា នោះជាសីលធម៌មួយដ៏ល្អបំផុត។

អ្វីដែលតុលាការចាត់ការនេះ ដូចជាហួសហេតុពេកហើយ គ្នាមានជម្ងឺ ថែមទាំងកូនខ្ចី គួរណាស់ថ្លឹងថ្លែង ពិចារណា ព្រោះមិនហួសពេលចូលខ្លួនឯណា ឬមួយសំអាងលើប្រយោជន៍..? ៕

ដោយ៖ សិលា


ចែករំលែក៖