ចិនជាប្រទេសមួយនៅក្នុងចំណោមប្រទេសជាច្រើន ក្នុងនោះមានរុស្ស៊ីផងដែរ ដែលមិនទាន់មានសកម្មភាពជូនពរប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិកនោះឡើយដោយរង់ចាំលទ្ធផលជាផ្លូវការ។ នៅថ្ងៃទី១៣ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសចិន បានផ្ញើលិខិតជូនពរលោកបៃឌិន និងលោកស្រី កាម៉ាឡា ហារីស ដែលបានជាប់ឆ្នោតជាប្រធានាធិបតីនិងជាអនុប្រធានាធិបតីអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសថា« យើងបានតាមដានយ៉ាងយកចិត្តទុកដាក់រាល់សកម្មភាពប្រែប្រួលក្នុងការបោះឆ្នោតអាមេរិក។ យើងគោរពទៅតាមការជ្រើសរើសរបស់ពលរដ្ឋអាមេរិក ហើយយើងបានផ្ញើលិខិតជូនពរដល់អ្នកជាប់ឆ្នោតថ្មីគឺលោក បៃឌិន និងលោកស្រី ហារីស»។
ក្រសួងការបរទេសចិនបានបញ្ជាក់ថា លទ្ធផលបោះឆ្នោតអាមេរិក នឹងសម្រេចដោយប្រព័ន្ធច្បាប់របស់អាមេរិក។ លោកបៃឌិន កាលពីថ្ងៃទី៧ខែវិច្ឆិកាបានប្រកាសពីជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី៣ខែវិច្ឆិកា។ ចំណែកលោកប្រធានាធិបតី ស៊ី ជីនពីង មិនទាន់ជូនពរលោកបៃឌិននៅឡើយទេ។
សារព័ត៌មាន Bloomberg បានផ្សាយថា ចិនស្ថិតនៅក្នុងចំណោមប្រទេសមហាអំណាច ដែលមិនមានប្រតិកម្ម វាយតម្លៃការបោះឆ្នោតអាមេរិកដោយរង់ចាំមើលលទ្ធផលឲ្យបានច្បាស់។
នៅពេលនេះលោកត្រាំ មិនទាន់ទទួលស្គាល់លទ្ធផលបោះឆ្នោតនៅឡើយទេ ដោយលោកបន្តប្តឹងនៅក្នុងរដ្ឋយុទ្ធសាស្ត្រដែលមានសំឡេងគាំទ្រលើសគ្នាតិចតួចប៉ុណ្ណោះ៕ ធី រីណា