ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបន្តយកម៉ាស់ របស់សម្ដេចតេជោ ទៅចែកជូនបងប្អូនកម្មករសំណង់មួយកន្លែងស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ជាង៧០០នាក់ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ។
កម្មករសំណង់ជាង៧០០នាក់នេះជាកម្មករដែលបាននិងកំពុងបំពេញការងារនៅក្នុងបុរីមួយកន្លែងស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយក្នុងកម្មករម្នាក់ទទួលបានម៉ាស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាចំនួន២បន្ទះ ដែលជាប្រភេទម៉ាស់អាចបោកទឹកបាន និងប្រើប្រាស់បានយូរ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ អនុវត្តទៅតាមការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានឱ្យអាជ្ញាធរបន្កចែកម៉ាស់ជូនបងប្អូនប្រជាពលរដ្ឋដែលក្រីក្រមិនមានលទ្ធភាពក្នុងការទិញម៉ាស់យកមកប្រើប្រាស់ក្នុងការការពារជំងឺកូវីដ-១៩ ។
លោកបញ្ជាក់ដែរថា កម្មករដែលត្រូវប្រគល់ជូននៅពេលនេះ ជាកម្មករក្រៅប្រព័ន្ធដែលយើងត្រូវតែយកចិត្តទុកដាក់ខ្ពស់និងត្រូវតែចែកម៉ាស់ជូនពួកគាត់ ។
លោកបន្តថា សម្ដេចតេជោតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋមិនថាប្រជាពលរដ្ឋក្រីក្រឬមានទ្រព្យនោះទេ សំខាន់ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានសុខភាពល្អ ពិសេសក្នុងដំណាក់កាលនេះ ជៀសឱ្យផុតពីជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា៖ តាមរយៈរដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីប៉ុន្មានថ្ងៃមុននេះបានប្រគល់ម៉ាស់ក្រណាត់ចំនួន២លានបន្ទះ ជូនមកសាលារាជធានីភ្នំពេញ ដើម្បីយកទៅប្រគល់ជូនដល់ប្រជាពលរដ្ឋក្រីក្រដែលមិនមានលទ្ធភាពក្នុងការទិញម៉ាស់យកមកប្រើប្រាស់ដើម្បីបង្ការនិងការពារជំងឺកូវីដ–១៩ ៕ដោយ៖សំរិត