ជារឿងប្រសើរបំផុតដើម្បីបញ្ចប់ការបោះឆ្នោតនៅអាមេរិកនិងផ្លាស់ប្តូរអំណាច ដើម្បីឆ្ពោះទៅរកការផ្សះផ្សា រីកចម្រើន បញ្ចប់ការឆ្លងកូវីដ-១៩ … ក្រោយពេលប្រធានាធិបតីដូណាល់ ត្រាំបានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃទី១៣ខែវិច្ឆិកាថា លោក អាចនឹងបរាជ័យចំពោះលោកបៃឌិនក្នុងការបោះឆ្នោតកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រោយការបោះឆ្នោត កាលពីថ្ងៃទី៣ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចោទប្រកាន់ថាមានការបន្លំ ប៉ុន្តែមិនមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ពីការណ៍ពិតឡើយ។ ទាំងនោះហើយទើបធ្វើឲ្យពាក្យបណ្តឹងរបស់លោកត្រូវបានច្រានចោលនៅក្នុងទីក្រុងជាច្រើន។
កន្លងមក លោកបៃឌិនបានប្រកាសពីជ័យជម្នះរបស់ខ្លួន ជាប្រធានាធិបតីជាប់ឆ្នោតថ្មី ។ ចំណែកលោកត្រាំវិញមិនទាន់ប្រកាសទទួលស្គាល់ការបរាជ័យរបស់ខ្លួននៅឡើយទេ ក៏ដូចជាដំណើរផ្ទេរអំណាចទៅឲ្យក្រុមការងាររបស់លោកបៃឌិន។ នៅពេលនេះការប្រកាសទទួលស្គាល់បរាជ័យរបស់លោកត្រាំ គឺជាការបើកផ្លូវដើម្បីផ្លាស់ប្តូរអំណាច បញ្ចប់វិវាទដែលធ្វើឲ្យប៉ះពាល់ដល់សង្គមអាមេរិក។
មានប្រសាសន៍នៅសេតវិមាន កាលពីថ្ងៃទី១៣ខែវិច្ឆិកា លោកត្រាំ បានទទួលស្គាល់ជាលើកដំបូងថា លោកបៃឌិនគឺជាអ្នកនឹងត្រូវដឹកនាំរដ្ឋាភិបាលថ្មី។ លោកត្រាំបន្តទៀតថា លោកសង្ឃឹមថារដ្ឋាភិបាលបន្ទាបនឹងមិនបិទប្រទេសពាក់ព័ន្ធកូវីដ-១៩ នោះឡើយ ហើយលោកនឹងអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ឲ្យបានឆាប់បំផុត ផលិតដោយក្រុមហ៊ុនPfizer ។
ការទទួលស្គាល់របស់លោកត្រាំចំពោះការបរាជ័យក្នុងការបោះឆ្នោត ក្រោយរដ្ឋGeorgia ដែលបានគាំទ្រគណបក្សសាធារណរដ្ឋរយៈពេល២៨ឆ្នាំកន្លងមកបែរជាមកគាំទ្រគណបក្សប្រជាធិបតេយ្យវិញ។ នៅពេលនេះ លោកត្រាំទទួលបានតែ២៣២កៅអីតំណាងតែប៉ុណ្ណោះ។ ចំណែកលោកបៃឌិនវិញទទួលបានដល់ទៅ៣០៦កៅអីតំណាង៕ដោយ៖ធី រីណា