លោក Ed Woodward អនុប្រធានប្រតិបត្តិក្លិបបិសាចក្រហមបាននិយាយថា ក្លិប Manchester United នៅតែប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បច្ចុប្បន្ន។ ការអត្ថាធិប្បាយរបស់លោក Woodward នេះគឺមាននៅក្នុងរបាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុត្រីមាសទី១របស់ក្លិបដែលត្រូវបានចេញផ្សាយនៅសប្តាហ៍នេះ ។
លោក Solskjaer បានរងសម្ពាធយ៉ាងខ្លាំងបន្ទាប់ពីការបរាជ័យជាបន្តបន្ទាប់ដោយក្រុម Arsenal និងក្រុម Istanbul Baseksehir ។ ប៉ុន្តែលោក Woodward បាននិយាយថា ក្លិបនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះមាគ៌ាវិជ្ជមានដែលយើងកំពុងស្ថិតនៅក្រោមអបអរចំពោះលោកOle Gunnar Solskjaer ។
បច្ចុប្បន្នក្រុមបិសាចក្រហមកំពុងឈរចំណាត់ថ្នាក់លេខ១៤ នៅ Premier League ដោយឈ្នះ ៣ និងចាញ់៣ ស្មើ១នៃការប្រកួតបើកឆាក៧លើក។
ក្លិបបិសាចក្រហមបានចេញសេចក្តីថ្លែងការណ៍ថា ពួកគេនឹងមិនធ្វើសន្និសីទរបស់វិនិយោគិនជាមួយនឹងលទ្ធផលដែលបានចេញផ្សាយ៣សប្តាហ៍បន្ទាប់ពីលទ្ធផលចុងក្រោយរបស់ពួកគេកាលពីរដូវកាល២០១៩-២០២០។ មូលហេតុនៃហិរញ្ញវត្ថុនេះហើយដែលអាចធ្វើឲ្យក្លិបមិនអាចដេញលោក Ole Gunnar Solskjaer ចេញពីគ្រូបង្វឹកនៅពេលបច្ចុប្បន្ន។
ពាក់ព័ន្ធនឹងប្រាក់ចំណូលរបស់ក្លិបសរុបមានចំនួន១០៩លានអឺរ៉ូ បានធ្លាក់ចុះ១៩,៥%បើប្រៀបធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ប្រាក់ចំណូលថ្ងៃប្រកួតបានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅពេលដែលការប្រកួតនៅតែបន្តលេងដោយ បិទទ្វារ ប៉ុន្តែក្លិបបិសាចក្រហមនៅតែរកប្រាក់បាន ១,៧លានផោនតាមរយៈការរួមបញ្ចូលគ្នានៃការលក់សមាជិកភាព និងប្រាក់ចំណូលពីការជួលទ្រព្យសម្បត្តិពីកម្មសិទ្ធិនៅជុំវិញកីឡដ្ឋាន Old Trafford ។
ប្រាក់ចំណូលនៃការផ្សាយបានកើនឡើងជាលទ្ធផលនៃការប្រកួតក្របខ័ណ្ឌ Premier League ដែលត្រូវបានលេងនៅក្នុងខែកក្កដា ខណៈដែលប្រាក់ចំណូលពាណិជ្ជកម្មបានធ្លាក់ចុះ២៥,៧% ស្មើនឹង៥៩,៧លានផោន។ ក្លិបនឹងបង់ភាគលាភចំនួន ០,០៩ ដុល្លារលើភាគហ៊ុននៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ទៅដៃគូភាគហ៊ុនទាំងអស់ ។
ជុំវិញករណីហិរញ្ញវត្ថុក្លិបខាងលើ លោក Woodward បានថ្លែងថា “ខណៈពេលដែលជំងឺរាតត្បាត Covid-19 នៅតែបណ្តាលឱ្យមានការរំខានយ៉ាងខ្លាំងយើងមានសុទិដ្ឋិនិយមថា ដំណាក់កាលនៃការស្តារឡើងវិញ និងការធ្វើឱ្យមានលក្ខណៈធម្មតាកំពុងលេចចេញជាបណ្តើរៗហើយ។ ភាពធន់របស់ក្លិបនិងអាជីវកម្មពាណិជ្ជកម្មរឹងមាំរបស់យើងបន្តផ្តល់នូវមូលដ្ឋានរឹងមាំនិងផ្តល់ឱ្យយើងនូវទំនុកចិត្តលើទស្សនវិស័យរយៈពេលវែងរបស់យើងលើសពីការរាតត្បាតជំងឺ Covid-19 ទាំងក្នុង និងក្រៅទីលាន” ៕
ដោយ៖ភារៈ