លោក ចូបៃឌិន ដែលទើបតែជាប់ឆ្នោតប្រធានាធិបតីអាមេរិក បានអំពាវនាវដល់ប្រធានាធិបតីបច្ចុប្បន្នលោកដូណាល់ ត្រាំ ត្រូវតែមានវិធានការជាបន្ទាន់ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាពបំផុត។
កាលពីថ្ងៃទី១៣ខែវិច្ឆិកាលោកបៃឌិនបានជួបជាមួយក្រុមការងារប្រឆាំងកូវីដ-១៩ ហើយបញ្ជាក់ថា តាមអ្វីដែលទទួលបាន រដ្ឋាភិបាលបច្ចុប្បន្នត្រូវតែមានសកម្មភាពជាបន្ទាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩នៅអាមេរិក។ លោកបៃឌិនអំពាវនាវឲ្យពលរដ្ឋអាមេរិកពាក់ម៉ាស់ការពារ រក្សាគម្លាត និងលាងដៃឲ្យបានច្រើន…។
លោកបៃឌិនបន្តទៀតថា «កូវីដ-១៩ ឆ្លងយ៉ាងខ្លាំង ហើយរដ្ឋាភិបាលបច្ចុប្បន្នមិនមានសកម្មភាពទប់ស្កាត់បន្ទាន់នោះឡើយ ។ នៅថ្ងៃនេះយើងសូមអំពាវនាវដល់ពលរដ្ឋអាមេរិកទាំងអស់ មិនថារស់នៅទីណានោះឡើយ ឬគាំទ្រគណបក្សណាឡើយគឺត្រូវតែអនុវត្ត ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ឲ្យបានល្អបំផុត ក្នុងនោះមានពាក់ម៉ាស់ លាងដៃ និងគម្លាតសង្គម»។
ការអំពាវនាវរបស់លោកបៃឌិនកើតឡើងក្នុងពេលដែលការឆ្លងកូវីដ-១៩នៅអាមេរិកកើតឡើងខ្ពស់បំផុត។ មកដល់ថ្ងៃទី១៤ខែវិច្ឆិកា (ម៉ោងកម្ពុជា)អាមេរិកមានករណីឆ្លងកូវីដ-១៩ កើនឡើងជាង១១លាននាក់ហើយ និងស្លាប់កើនឡើង ដល់២៤៩.៩៧៥នាក់។
ក្នុងរយៈពេល២៤ម៉ោងកន្លងមក អត្រាឆ្លង COVID-19 ប្រចាំថ្ងៃនៅទូទាំងសហរដ្ឋអាមេរិក មានដល់ទៅ ១៨៣.៥២៧នាក់ និងស្លាប់ ១.៣៩៥នាក់នៅក្នុងរយៈពេលដូចគ្នា៕
ដោយ៖ធី រីណា