ព័ត៌មានទាន់ហេតុការណ៍៖

នេះជាលើកទី៣ នៃការបញ្ជាក់ពីលទ្ធផលតេស្តជំងឺកូវីដ-១៩ អវិជ្ជមានរបស់សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន រួមទាំង អ្នកនៅជុំវិញ បន្ទាប់ពីធ្វើតេស្តនៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ពីលទ្ធផលតេស្តជំងឺកូវីដ-១៩ អវិជ្ជមានជាលើកទី៣ ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសរសេរនៅក្នុងផេកហ្វេសប៊ុករបស់សម្តេចឱ្យដឹងថា ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣ ហើយជាលទ្ធផល​ទាំងសម្តេច​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជា បងប្អូននៅជុំវិញ គឺអវិជ្ជមានកូវីដ-១៩ទាំងអស់គ្នា។

សម្តេចតេជោបានបញ្ជាក់ថា សម្តេចកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្ត បងប្អូនផ្សេងទៀត ដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍៣វិច្ឆិកា ហើយដែលសង្ឃឹមថា លទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។

ទោះយ៉ាងណាក៏ដោយ សម្តេចនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដែលជាតេស្តលើកទី៤ និងជាលើកចុងក្រោយ ដោយសង្ឃឹមថានឹងមានលទ្ធផលអវិជ្ជមានទាំងសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបងប្អូនប្រមាណ៩០០នាក់ ដែល ធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី៤ វិច្ឆិកា២០២០ ហើយដែលនឹងធ្វើឱ្យការព្រួយបារម្ភអំពីកូវីដ-១៩ ត្រូវបានកាត់បន្ថយ នៅក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាល ដែលនឹងអាចឈានទៅបើកសាលារៀនឡើងវិញ សម្រាប់ការសិក្សារបស់កូនចៅ យើង។

ជាចុងក្រោយ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានថ្លែងអំណរ​​គុណចំពោះបងប្អូន​​ជនរួមជាតិ ដែលបារម្ភអំពីសុខភាពរបស់សម្ដេចនិងជូនពរដល់​សម្តេចរួមទំាងក្រុមគ្រួសារសូម​​ប្រកបតែនឹង​សេចក្ដីសុខចម្រើន។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០២នាក់ (ស្ត្រី ៦១នាក់ និងបុរស ២៤១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៩នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន១៣នាក់៕ដោយ៖ស តារា


ចែករំលែក៖