ព័ត៌មានទាន់ហេតុការណ៍៖

កុមារី យ៉ង់ ស្រីនីត ធ្លាប់ច្រៀងឲ្យភ្ញៀវទេសចរស្ដាប់ ពេលដើរលក់ចេកឆាប ពេលនេះមានក្ដីស្រម័យចង់ក្លាយជា អ្នកចម្រៀង និងគ្រូបង្រៀនម្នាក់នៅថ្ងៃអនាគត(មានវីដេអូ)

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ កុមារី យ៉ង់ ស្រីនីត មានអាយុ១១ឆ្នាំ សម្បុរស្រអែម ក្រៅពីការសិក្សានាងដើរលក់ចេកឆាប ក្នុងសហគមន៍ដាក់ដាំ មិនតែប៉ុណ្ណោះកុមារីរូបនេះ មានសំឡេងពិរោះ និងតែងប្រើប្រាស់ទឹកដមសំឡេងរបស់ខ្លួនច្រៀងឲ្យភ្ញៀវទេសចរស្ដាប់ ដើម្បីលក់ចេកឆាប ប៉ុន្តែនាងមានក្ដីស្រម័យមួយ គឺចង់ក្លាយជា អ្នកចម្រៀង និងគ្រូបង្រៀនម្នាក់នៅថ្ងៃអនាគត។

សូមជម្រាបថា កុមារី យ៉ង់ ស្រីនីត សិក្សាថ្នាក់ទី៥ នៅសាលាបឋមសិក្សាដាក់ដាំ ក្នុងខេត្តមណ្ឌលគិរី មានចំណូលចិត្តផ្នែកសិល្បៈ ដែលតែងតែច្រៀងលេងនៅពេលទំនេរ។ ទោះបីជាខ្លួនចូលចិត្តច្រៀង និងមានទឹកដមសំឡេងពិរោះ ប៉ុន្តែកុមារីរូបនេះ មានបំណងប្រាថ្នាមួយទៀតគឺ ចង់ក្លាយជាគ្រូបង្រៀនមួយរូប ក្រៅពីមានក្ដីស្រមៃជាអ្នកចម្រៀង។ កុមារី យ៉ង់ ស្រីនីត រៀបរាប់យ៉ាងដូច្នេះ៖ «ខ្ញុំចង់ក្លាយជាគ្រូបង្រៀនម្នាក់ ព្រោះគ្រូបង្រៀនមានប្រាក់ខែ ហើយរកលុយបានស្រួល។ មួយទៀតខ្ញុំក៏ចង់ក្លាយជាអ្នកចម្រៀង»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ តុលា-១ វិច្ឆិកាកន្លងទៅថ្មីៗនេះ ក្រុមជំរំតង់ Cambodia Amazing Trip Planner បានរៀបចំដំណើរកម្សាន្តបោះតង់រយៈពេល ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី។ តាមរយៈដំណើរកម្សាន្ត បាននាំភ្ញៀវទេសចរទៅកាន់តំបន់ទេសចរណ៍នានា នៅក្នុងខេត្តមណ្ឌលគិរី ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍៕

ដោយ៖សហការី


ចែករំលែក៖