មន្ត្រីរដ្ឋាភិបាលហ្វុីលីពីននៅថ្ងៃទី១៤ខែវិច្ឆិកាបានប្រកាសថា ព្យុះVamco បានសម្លាប់មនុស្សដល់ទៅ៥៣នាក់នៅក្នុងប្រទេសនេះ ហើយនិងមានអ្នកបាត់ខ្លួន២២នាក់។ ចំណែកអ្នករងរបួសដោយព្យុះខាងលើកើនឡើងដល់៥២នាក់ផងដែរ។
លោក Manuel Mamba អភិបាលខេត្ត Cagayan បានអំពាវនាវរកជំនួយតាមប្រព័ន្ធផ្សព្វផ្សាយ DZMM ដោយលោកបញ្ជាក់ថា «នេះជាលើកទីមួយដែលយើងទួលរងការបំផ្លាញដោយគ្រោះធម្មជាតិធ្ងន់បំផុត។ កម្លាំងជួយសង្គ្រោះបានខិតខំធ្វើការហួសពីសមត្ថភាពរបស់ខ្លួនហើយ ។ ខេត្ត Cagayan បានប្រែក្លាយទៅជាសមុទ្រភក់»។
ខេត្តCagayan មានពលរដ្ឋរស់នៅប្រមាណ១លាន២សែននាក់ បានទទួលរងការវាយប្រហារដោយគ្រោះទឹកជំនន់ទ្រង់ទ្រាយធំបំផុតក្នុងពេលដែលទំនប់ទឹក Magat បានបង្ហូរទឹកចេញនៅថ្ងៃទី១៣ខែវិច្ឆិកា។ ពលរដ្ឋក្នុងតំបន់បានអំពាវនាវឲ្យមានជំនួយពីរដ្ឋាភិបាល ។ នៅថ្ងៃទី ១៤ខែវិច្ឆិកានេះ នៅមានមនុស្ស១៤ពាន់នាក់បានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។
ព្យុះ Vamco គឺជាព្យុះទី២១ហើយដែលវាយប្រហារចូលទៅកាន់ ដីគោកប្រទេសហ្វុីលីពីនក្នុងឆ្នាំ២០២០នេះ។ នៅទីក្រុងម៉ានីលក៏មានពលរដ្ឋរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ។
ព្យុះVamco ជាព្យុះទី២១នៅហ្វុីលីពីន ពេលចូលដល់វៀតណាមគឺជាព្យុះទី១៣ដោយមានកម្លាំងខ្លាំងជាងការព្យាករ ដោយមានល្បឿនខ្យល់ជាង១៣៥គីឡូម៉ែត្រក្នុងមួយម៉ោង៕
ដោយ៖ធី រីណា