ភ្នំពេញ៖ ជាការពិតណាស់ដែលម៉ាក់ប៉ាយើងមួយចំនួនឲ្យតែពេលដើរផ្សារទិញអីវ៉ាន់មិនសូវចង់យកកូនទៅតាមនោះ គឺព្រោះកូនតែងតែឃើញរបស់លេងស្អាតៗ ឬការ៉េមគឺដឹងតែទារទិញហើយ។ បើទារមិនបានដឹងតែស្រែកយំបែកផ្សារ រហូតម៉ាក់ប៉ាទិញឲ្យទាល់តែបាន តែការធ្វើតាមចិត្តកូនបែបនេះមិនល្អក្នុងការចិញ្ចឹមកូនទេ។ ម៉ាក់ប៉ាអាចចាប់ផ្ដើម បដិសេធវិធីទាំង៤ខាងក្រោមនៅពេលកូនទារទិញរបស់របរ លើកក្រោយគឺលែងឈឺក្បាលទៀតហើយ។
១.ឆ្លើយតាមរបៀបកូនសួរ
បើកូនសុំក្នុងរបៀបគួរសម យើងគួរសរសើរកូនសម្រាប់ការចេះនិយាយគួរសម ទោះយើងមិនទិញរបស់ឲ្យកូនក៏ដោយ។ ការដែលធ្វើបែបនេះ អាចជំរុញកូនឲ្យប្រើពាក្យគួរសម និងនិយាយបានត្រឹមត្រូវជាមួយយើង ឬចាស់ៗដទៃ។ តែបើកូនស្រែក ទាររងូវៗ ម៉ាក់ប៉ាអាចឲ្យកូនសុំឲ្យត្រឹមត្រូវ ដោយប្រើពាក្យគួរសម មិនត្រូវសួរកំបុតៗ ឈ្លើយទេ។
២.ឲ្យចម្លើយដល់កូនច្បាស់ៗ
ការដែលម៉ាក់ប៉ាឲ្យចម្លើយកូនមិនច្បាស់ដូចជា “ចាំមើលសិន” ឬ “ប្រហែល” អាចនឹងធ្វើឲ្យក្មេងមានអារម្មណ៍មិនសប្បាយចិត្ត ហើយពេលខ្លះពួកគេនឹងទទូចអង្វរដើម្បីឲ្យម៉ាក់ប៉ាប្ដូរចម្លើយ។ ដូចនេះហើយពេលយើងនិយាយថា “ទេ” គួរនិយាយឲ្យបានម៉ឺងម៉ាត់ ដើម្បីបង្ហាញដល់ពួកគេថាយើងពិតជាមានន័យបែបនេះមែន។
៣. មិនត្រូវប្ដូរចម្លើយ
មិនថាកូនទទូចអង្វរ ឬយំយ៉ាងណាទេ កុំចុះចាញ់ព្រោះការប្តូរចម្លើយទៅយល់ព្រមតាមពួកគេអាចធ្វើឲ្យកូនគិតថាយើងមិនបានប្រាកដនឹងអ្វីដែលបាននិយាយទេ។ ពេលខ្លះម៉ាក់ប៉ាអាចនឹងឮកូនតវ៉ាថាក្មេងដទៃអាចធ្វើរឿងបែបនេះបាន យកល្អម៉ាក់ប៉ាមិនគួរប្តូរចម្លើយទៅយល់ព្រមទេ ប៉ុន្តែគួររម្លឹកដល់កូនថានេះជាច្បាប់របស់យើង និងបញ្ចប់ការសន្ទនានេះដើម្បីចៀសវាងជម្លោះ។
៤.ពន្យល់ហេតុផលបដិសេធ
ការពន្យល់ខ្លីៗថាហេតុអ្វីបានជាយើងបដិសេធ ដែលការពន្យល់នេះអាចធ្វើឲ្យការបដិសេធក្លាយទៅជាបទពិសោធន៍ក្នុងការរៀនសូត្ររបស់កូន។ ប្រសិនជាយើងបដិសេធកូនទៅលើរឿងអ្វីមួយដែលគេចង់ធ្វើដោយមិនប្រាប់ពីមូលហេតុ កូនអាចគិតថាម៉ាក់ប៉ាចិត្តអាក្រក់។ ហេតុនេះហើយ យើងគួរប្រាប់មូលហេតុឲ្យច្បាស់ក្រោយពីបដិសេធកូន ព្រោះនៅពេលកូនយល់ពីមូលហេតុនេះ ពួកគេនឹងមិនធ្វើអ្វីដែលអាចបង្កគ្រោះថ្នាក់នៅពេលម៉ាក់ប៉ាមិនអនុញ្ញាតទេ។
ទឹកចិត្តម៉ាក់ប៉ាចំពោះកូនៗ គឺធំធេងណាស់ អ្វីដែលកូនចង់បាន ប៉ាម៉ាក់គ្រប់រូបច្បាស់ជាចង់ផ្ដល់ឲ្យកូនហើយ ទោះបីពេលខ្លះវាអាចហួសពីសមត្ថភាពខ្លួនក្ដី។ ហើយការនិយាយថា “ទេ” ទៅកាន់កូន អាចពិបាកសម្រាប់យើង ព្រោះខ្លាចកូនអន់ចិត្ត ទូចចិត្តនឹងយើង ប៉ុន្តែ យើងត្រូវដឹងថា ក្មេងៗមិនអាចទារអី បាននឹងទេ ព្រោះវាអាចធ្វើឲ្យកូនធ្លាប់ ឬអាចពិបាកនៅពេលដែលកូនធំឡើង ប្រលូកក្នុងសង្គមពិត៕ដោយ៖ស សម