ព័ត៌មានទាន់ហេតុការណ៍៖

អាហ្វហ្គានីស្ថានចាប់ខ្លួនមេខ្លោង​វាយប្រហារភេរវកម្មនៅមហាវិទ្យាល័យទីក្រុងកាប៊ុល

ចែករំលែក៖

នៅលើបណ្តាញសង្គម​ហ្វេសប៊ុក អនុប្រធានាធិបតីអាហ្វហ្គានីស្ថាន បានប្រកាសឲ្យដឹងថា​ ការវាយប្រហារបង្ហូរឈាមនៅមហាវិទ្យាល័យទីក្រុងកាប៊ុល ​បង្កឡើងដោយខ្មាន់​កាំភ្លើង មានឈ្មោះ​Adil។ ខ្មាន់កាំភ្លើងរូបនេះត្រូវបានក្រុមភេរវកម្មHaqqaniជ្រើសរើសឱ្យ ឡើងគម្រោងវាយប្រហារនៅថ្ងៃទី​២ខែវិច្ឆិកា​ឆ្នាំ​២០២០។
នៅថ្ងៃទី​១៤ខែវិច្ឆិកា អនុប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Amrullah Saleh បានបញ្ជាក់ថា មេខ្លោង​​នៅពីក្រោយការវាយប្រហារនៅមហាវិទ្យាល័យទីក្រុងកាប៊ុលសម្លាប់មនុស្សរាប់សិបនាក់ កាលពីដើមខែវិច្ឆិកា​គឺជាបណ្តាញភេរវកម្ម Haqqani ជាសាខារបស់ក្រុមតាលីបង់ ។ ក្នុងពេលសួរចម្លើយ ខ្មាន់កាំភ្លើងAdil បានបញ្ជាក់ថា ខ្លួនបានទទួលអាវុធ​ពីបណ្តាញភេរវកម្ម​ Haqqani ។ ការវាយប្រហារគឺដើម្បីដាក់គំនាប និងធ្វើឲ្យបាត់បង់កិត្តិយសរបស់រដ្ឋាភិបាល​។
អនុប្រធានាធិបតីអាហ្វហ្គានីស្ថាន​បញ្ជាក់ទៀតថា ខ្មាន់កាំភ្លើងដែលបាញ់ប្រហារនោះមកពីខេត្តPanjshir ហើយបានទៅរស់នៅជាយក្រុងកាប៊ុល​។​ ខ្មាន់កាំភ្លើងរូបនេះធ្លាប់បានបាត់ខ្លួន​៣ឆ្នាំ ដោយមានព័ត៌មានថាទៅហ្វឹកហាត់ប្រយុទ្ធ ។
ការបាញ់ប្រហារនៅថ្ងៃទី​២ ខែវិច្ឆិកា​​​មានខ្មាន់កាំភ្លើង​៣នាក់បានសម្រុកចូលមហាវិទ្យាល័យកាប៊ុល​ បាញ់ប្រហារនៅក្នុងថ្នាក់រៀនបណ្តាលឲ្យមនុស្ស​២២នាក់ស្លាប់ និង​២៧នាក់រងរបួស ខ្មាន់កាំភ្លើងទាំង​៣នាក់ស្លាប់ពេលប៉ះទង្គិចជាមួយសន្តិសុខ​៕

ដោយ៖ធី រីណា


ចែករំលែក៖