ក្រសួងសុខាភិបាល អាមេនី បានប្រកាសឲ្យដឹងថា ក្នុងពេលដោះដូរសាកសពទាហានស្លាប់ដោយសារសង្គ្រាមជាមួយប្រទេសអាហ្សែបៃហ្សង់ ក្រសួងបានត្រួតពិនិត្យសាកសពទាហានដល់ទៅ២.៣១៧ នាក់ ហើយមានទាហានជាច្រើនមិនទាន់ដឹងពីអត្តសញ្ញាណនៅឡើយ។
អ្នកនាំពាក្យក្រសួងសុខាភិបាលអាមេនី លោកស្រី Alina Nikoghosyan បានឲ្យដឹងថា ការដោះដូរសពទាហានទើបតែចាប់ផ្តើមឡើងប៉ុណ្ណោះ ដូច្នេះមិនទាន់អាចសន្និដ្ឋានបានថាមានទាហានប៉ុន្មាននាក់ស្លាប់ដោយសង្គ្រាមពិតប្រាកដនោះឡើយ។ សង្គ្រាមរវាងប្រទេសអាមេនី និងអាហ្សែបៃហ្សង់បានផ្ទុះឡើងតាំងពីចុងខែកញ្ញា រហូតមកទល់ពេលនេះ។
កាលពីដើមសប្តាហ៍កន្លងមក នាយករដ្ឋមន្ត្រីArmenia លោក Nikol Pashinyan បានប្រកាសថា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងតំបន់ Nargono-Karabakh ក្រោមអធិបតីរបស់ប្រធានាធិបតីរុស្ស៊ី។
ចំណែកភាគីប្រទេស Azerbaijan វិញមិនទាន់ដឹងពីចំនួនទាហាន ប៉ុន្មាននាក់ស្លាប់នៅក្នុងសង្គ្រាម នៅឡើយទេ៕
ដោយ៖ធី រីណា