ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពដើរថ្មើរជើងមកឆក់យកទូរស័ព្ទពីនារីរូបស្រស់ម្នាក់វ័យប្រហែល ១៧ឆ្នាំដែលកំពុងឈរចុចទូរស័ព្ទដើម្បីហៅក្រុមគ្រួសារមកទទួលរូបនាងនៅក្រោមស្ពានស្ទឹងមានជ័យបានសម្រេចរួចរត់គេចខ្លួនចូលក្នុងព្រៃបាត់ស្រមោល ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នារីរងគ្រោះសុំមិនបញ្ចេញអត្តសញ្ញាណ មានវ័យប្រហែល១៧ឆ្នាំ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណនោះទេ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះដែលសុំមិនបញ្ចេញអត្តសញ្ញាណបានឲ្យដឹងថា មុនពេលកើតហេតុ រូបនាងកំពុងឈរចុចទូរស័ព្ទនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ដើម្បីទំនាក់ទំនងហៅក្រុមគ្រួសារមកទទួលនាងយកត្រឡប់ទៅផ្ទះវិញ។ ភ្លាមៗនោះស្រាប់តែមានជនសង្ស័យម្នាក់បានដើរមកធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់នាងបានសម្រេចរួចរត់គេចខ្លួនទៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ហើយនាងបានដេញតាមពីក្រោយនិងស្រែកប្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្រោមស្ពានជួយដេញតាម ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ស្រមោលតាមរកមិនឃើញសោះ។
ជនរងគ្រោះបន្តថា សម្ភារដែលបាត់បង់នោះមានទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន ដែលទើបនឹងទិញក្នុងតម្លៃ៨០០ដុល្លារ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ប៉ុន្តែជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេគឺបានបន្តដំណើរទៅមុខទៀតបាត់ទៅ៕
ដោយ៖និន សុភ័ស្ត