អតីតអ្នកចាំទីក្រុម Liverpool និងជាអតីតអ្នកចាំទីឲ្យក្រុមជម្រើសជាតិអង់គ្លេសលោក Ray Clemence បានទទួលមរណភាពក្នុងអាយុ៧២ឆ្នាំ។នេះបើយោងតាមក្រុមគ្រួសាររបស់គាត់និយាយកាលពីថ្ងៃដើមសប្តាហ៍នេះ។
លោក Clemence ដែលកំពុងរស់នៅជាមួយជំងឺមហារីកក្រពេញប្រូស្តាតតាំងពីឆ្នាំ២០០៥ គឺជាអតីតអ្នកចាំទីដោយបានឈ្នះពានរង្វាន់អឺរ៉ុបចំនួន៣ និងពានរង្វាន់ចំនួន៥ក្នុងរយៈពេល ១៤ឆ្នាំនៅក្រុម Liverpool ។
ការចុះហត្ថលេខាលើទឹកប្រាក់១៨,០០០ផោនពីក្លិប Scunthorpe ក្នុងឆ្នាំ១៩៦៧ ធ្វើឲ្យ Clemence គឺជាសមាជិកសំខាន់ម្នាក់របស់ក្រុមហង្សក្រហមដែលបានឈ្នះពានរង្វាន់អឺរ៉ុបជាលើកដំបូងនៅក្លិបក្នុងឆ្នាំ ១៩៧៧។គាត់ក៏បានចូលលេងនៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់អឺរ៉ុបឆ្នាំ១៩៧៨ និងឆ្នាំ១៩៨១ និងបានឈ្នះពានរង្វាន់UEFA Cup ក្នុងឆ្នាំ១៩៧៣ និងឆ្នាំ១៩៧៦ ។ ពានរង្វាន់ FA Cup ឆ្នាំ១៩៧៤ និង League Cup ឆ្នាំ១៩៨១ ក៏បានឈ្នះដែរ ដោយ Clemence កំឡុងពេលដែលគាត់លេងឲ្យក្រុមLiverpool ក្រោមការដឹកនាំរបស់លោក Bill Shankly និងអ្នកស្នងតំណែងរបស់គាត់គឺលោក Bob Paisley ។
Clemence បានចាកចេញទៅក្លិប Tottenham ក្នុងឆ្នាំ១៩៨១ ដែលមានអាយុ៣២ឆ្នាំដោយថ្លៃ ៣០០,០០០ ផោន និងបានជួយឲ្យក្លិបឈ្នះពានរង្វាន់ UEFA Cup និង FA Cup មួយផ្សេងទៀតក្នុងការស្នាក់នៅរយៈពេល៧ឆ្នាំរបស់គាត់នៅភាគខាងជើងទីក្រុងឡុង។
សេចក្តីថ្លែងការណ៍មួយពីគ្រួសារ Clemence បាននិយាយថា ជាមួយនឹងភាពសោកសៅយ៉ាងខ្លាំងយើងសរសេរដើម្បីប្រាប់អ្នកឱ្យដឹងថា Ray Clemence បានទទួលមរណភាពនៅថ្ងៃនេះដែលព័ទ្ធជុំវិញដោយគ្រួសារជាទីស្រឡាញ់របស់គាត់។ ក្រុមគ្រួសារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្រឡាញ់និងការគាំទ្រទាំងអស់ដែលគាត់បានទទួលក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ជាមួយគ្នានោះក្រុមហង្សក្រហម Liverpool បានផ្តល់កិត្តិយសដល់ Clemence ដោយបានរំលែកទុក្ខនៅលើគណនី Twitter របស់ក្លិបផងដែរ។
សេចក្តីថ្លែងការណ៍មួយបាននិយាយថា “យើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះការស្លាប់របស់អ្នកចាំទីដ៏ឆ្នើមម្នាក់ដែលមានឈ្មោះថា Ray Clemence ។ គំនិតរបស់អ្នករាល់គ្នានៅក្លិបបាល់ទាត់ Liverpool គឺនៅជាមួយក្រុមគ្រួសាររបស់គាត់និងមិត្តភក្តិជាច្រើន”។
បន្ទាប់ពីចូលនិវត្តន៍ក្នុងឆ្នាំ ១៩៨៨ លោក Clemence បានបម្រើការជាគ្រូបង្វឹកក្រុម Tottenham ហើយបន្ទាប់មកបានធ្វើការជាគ្រូបង្វឹកអ្នកចាំទីជម្រើសជាតិអង់គ្លេសវិញ។ ជាមួយគ្នានោះកីឡាករអង់គ្លេសបានពាក់ខ្សែដៃខ្មៅអំឡុងពេលការប្រកួត Nations League របស់ពួកគេនៅបែលហ្ស៊ិកកាលពីថ្ងៃអាទិត្យផងដែរ ដើម្បីជាការគោរពដល់ Clemence មុនពេលការប្រកួតនៅថ្ងៃពុធជាមួយអ៊ីស្លង់នៅ Wembley ៕ដោយ៖ភារៈ