មានរឿងនិទានមួយថា អណ្ដើក និងស្វា វាសុំធ្វើដន្លងគ្នា តែគ្មានកូនចៅទៅចងពន្ធអ្វីទេ គ្រាន់តែនិយាយថា សុំគ្នាធ្វើដន្លង ។ សត្វទាំងពីរ ស្រឡាញ់រាប់អានគ្នា ដូចដន្លងអ្នកទាំងពួងនោះដែរ ។ លុះចំណេរយូរទៅ ដន្លងខាងស្វានោះ គេមានកូនត្រូវរៀបការ គេហៅភ្ញៀវពួកស្វា សន្មតថ្ងៃនឹងស៊ីការ ទើបនឹកឃើញអណ្ដើកជាដន្លងថា « យើងការកូននេះ ហៅភ្ញៀវអស់ហើយ នៅតែអណ្ដើកជាដន្លង មិនទាន់បានទៅប្រាប់ឥឡូវ ជិតថ្ងៃការណាស់ទៅហើយ បើដូច្នោះឲ្យបម្រើទៅអញ្ជើញគាត់ផង បំណាច់យើងរាប់អានគ្នា យូរឆ្នាំណាស់មកហើយ » គិតហើយក៏ចាត់បម្រើឲ្យទៅអញ្ជើញ ។ ថ្ងៃដែលគេប្រជុំញាតិស៊ីការនោះ អណ្ដើកក៏ទៅដល់ដែរ តែនឹងឡើងទៅស៊ីផឹកនឹងគេមិនរួច ។ ពួកស្វាបានឃើញ ក៏ទៅប្រាប់ដន្លងស្វាថា « ត្បិតដន្លងអណ្ដើកមកដល់ហើយ នៅឯក្រោមដើមឈើ » ។ ដន្លងស្វាចុះមក ឃើញអណ្ដើកក៏ប្រាប់ថាដន្លងឯងឡើងមិនរួចនឹងគេ មានតែដន្លងឯងខាំវល្លិនេះចុះ យើងនឹងស្រាវឡើង ប៉ុន្តែបើមិនទាន់ដល់ទៅកន្លែងដែលយើងអង្គុយទេ ដន្លងឯងកុំនិយាយឲ្យសោះ ទោះបីឃើញអ្វី ឬគេថាអ្វីក៏ដោយ, តែនិយាយធ្លាក់មកស្លាប់ហើយ ។ អណ្ដើកទទួលបណ្ដាំដន្លងនោះសព្វគ្រប់ហើយ ក៏ទទួលខាំវល្លិ ។ ពួកស្វាទាំងប៉ុន្មាន ក៏ស្រាវវល្លិនោះឡើង នាំអណ្ដើកទៅឯថ្នាក់លើ ។
លុះទៅជិតដល់កន្លែង ដែលគេនឹងដាក់នោះ ជួនជាដន្លងស្រីស្វា ឃើញអណ្ដើក ក៏សួរដោយរាប់អានថា « ដន្លង ! សុខសប្បាយទេឬ ? » ។ អណ្ដើកភ្លេចពាក្យបណ្ដាំ ហាមាត់ស្ដីទៅនឹងដន្លង ក៏របូតមាត់ ធ្លាក់ខ្លួនដល់ដីបែកស្នូកដូចគេបោកនឹងថ្ម ស្លាប់នៅវេលានោះ ខានស៊ីការនោះទៅ ៕
(មាត់អណ្ដើក)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)