ភ្នំពេញ៖ កាលពីថ្ងៃ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោក ប៉េត្រូស ស៊ូម៉េលីស (Petros Sourmelis) ប្រធានផ្នែកពាណិជ្ជកម្ម និងវិនិយោគ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសថៃ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាត្រៀមសម្រាប់កិច្ចប្រជុំរបស់អនុក្រុមស្តីពីពាណិជ្ជកម្មនិងវិនិយោគ ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរុបលើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ តាមប្រព័ន្ធវីដេអូ។
នៅក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានធ្វើបច្ចុប្បន្នភាពស្តីពីកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប និងបានលើកឡើងពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាផងដែរ។
ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការ ក៏បានមានប្រសាសន៍ថា ផលប៉ះពាល់កើតចេញពីវិបត្តិកូវីដ-១៩ បានធ្វើឱ្យការបញ្ជាទិញពីបណ្តាប្រទេសក្នុងសហភាពអឺរ៉ុបមានការថយចុះ ដោយសារការបិទទីផ្សារក្នុងស្រុក និងការកាត់បន្ថយការប្រើប្រាស់ក្នុងស្រុក។
ទន្ទឹមនឹងនេះ កិច្ចពិភាក្សាក៏បានផ្លាស់ប្តូរបច្ចុប្បន្នភាពស្តីពីវិធានការក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទកូវីដ-១៩ ការធ្វើវិសោធនកម្មច្បាប់កម្ពុជាទាក់ទងនឹងពាណិជ្ជកម្មនិងវិនិយោគ ការចរចារបស់កម្ពុជាក្នុងក្របខ័ណ្ឌពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ការវិវត្តនៃរបៀបវារៈក្នុងអង្គការពាណិជ្ជកម្មពិភពលោក ផលប៉ះពាល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាមលើកម្ពុជា ដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប និងប្រទេសក្នុងតំបន់អាស៊ាន ពិសេសហ្វ៊ីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងថៃ ព្រមទាំងបញ្ហាមួយចំនួនទៀត ដែលនឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំរបស់អនុគណៈកម្មាធិការនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ៕
ប្រភព៖ AKP