ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​ថ្មីរបស់ក្រុមហ៊ុន Moderna មានតម្លៃប៉ុន្មាន?

ចែករំលែក៖

គណៈកម្មការ​​អឺរ៉ុប​​បានព្រមព្រៀងជាមួយក្រុមហ៊ុន Moderna ដើម្បីទទួលបានការផ្គត់ផ្គង់​វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩​ក្នុងតម្លៃ​២៥ដុល្លារអាមេរិកក្នុងមួយដូស។
ជាក់ស្តែង កាលពីថ្ងៃទី​​១៦ខែវិច្ឆិកា​​មន្ត្រីសហគមន៍អឺរ៉ុប​បានពិភាក្សាព្រមព្រៀងជាមួយ​ក្រុមហ៊ុន Moderna ទៅលើតម្លៃវ៉ាក់សាំង ដែលត្រូវផ្តល់ជូនអឺរ៉ុប​។ បច្ចុប្បន្ន​ក្រុមហ៊ុនផលិតវ៉ាក់សាំង​Modernaបានធ្វើតេស្តដំណាក់កាលចុងក្រោយ​ដោយមាន លទ្ធផលដល់ទៅ៩៤,៥ភាគរយ​។
តាមឯកសារផ្ទៃក្នុងរបស់អឺរ៉ុប និងក្រុមហ៊ុន​Moderna​​ស្តីពីវ៉ាក់សាំង កូវីដ​-១៩ បានពិភាក្សាគ្នាតាំងពីខែកក្កដាមកម៉្លេះក្នុងពេលដែលក្រុមហ៊ុនចាប់ផ្តើមធ្វើតេស្តដំណាក់កាលចុងក្រោយ ។ នៅពេលនេះភាគីទាំងពីរបានព្រមព្រៀងគ្នាជាផ្លូវការទាំងតម្លៃ ។
ចំណែកអាមេរិកវិញ​បានយល់ព្រម ផ្តល់តម្លៃឲ្យក្រុមហ៊ុន​Moderna ១៥ដុល្លារក្នុងមួយដូស ដោយអាមេរិកព្រមព្រៀងទិញ​១០០លានដូស​មានតម្លៃ​១,៥ពាន់លានដុល្លារ​។​ កន្លងមក​ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ជូន​១ពាន់លានដុល្លារសម្រាប់សកម្មភាពស្រាវជ្រាវនិងផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុននេះ។
ក្រុមហ៊ុន​Moderna បានក្លាយជាអ្នកផ្គត់ផ្គង់ទីពីរ​ដែលទទួលបានលទ្ធផលលើសពីការរំពឹងទុក។ កន្លងមក ក្រុមហ៊ុនPfizer និង BioNTech ក៏បានប្រកាសថា​វ៉ាក់សាំងរបស់ខ្លួន​មានប្រសិទ្ធភាព​ជាង៩០ភាគរយ​ដែរ។
ជាមួយនឹងលទ្ធផល​ជោគជ័យជាបន្តបន្ទាប់ គឺជាក្តីសង្ឃឹមនៅដើមឆ្នាំ​២០២១នេះ​នឹងមានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ប្រើប្រាស់ហើយ។វិស័យទាំងអស់នឹងត្រូវដំណើរការវិញដូចដើម ព្រំដែនប្រទេសទាំងអស់នឹងត្រូវបើកស្វាគមន៍អ្នកទេសចរ ៕ដោយ៖ធី រីណា


ចែករំលែក៖