ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីឥណ្ឌាជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកបៃឌិន ស្តីពីទំនាក់ទំនងអាមេរិក-ឥណ្ឌា

ចែករំលែក៖

សារព័ត៌មាន AP បានដកស្រង់ការប្រកាសរបស់ក្រសួងការបរទេសឥណ្ឌា នៅថ្ងៃទី១៨ ខែវិច្ឆិកា ដែលបានផ្សាយថា នាយករដ្ឋមន្ត្រី ឥណ្ឌាលោក​Narendra Modi ​បានជួបពិភាក្សាតាមទូរស័ព្ទ​ជាមួយប្រធានាធិបតីជាប់ឆ្នោតថ្មី លោក ចូបៃឌិន​។
តាមការប្រកាសរបស់ក្រសួងការបរទេសឥណ្ឌា នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទរវាងលោក ម៉ូឌី និងលោកបៃឌិន ស្តីពីវិធានការទប់ស្កាត់ការឆ្លងកូវីដ​-១៩ ​ក៏ដូចជាការ​ផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ព្រមទាំងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ​។
កន្លងមក នៅថ្ងៃទី៨ ខែវិច្ឆិកាប្រព័ន្ធផ្សព្វផ្សាយអាមេរិក​បានផ្សាយថា ​ លោកបៃឌិនបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ក្នុងការបោះឆ្នោតនៅថ្ងៃទី៣ខែវិច្ឆិកា។ នាយករដ្ឋមន្ត្រីឥណ្ឌា ក៏បានជូនពរ ដល់លោកបៃឌិន និងលោកស្រីជាភរិយា ដែលបានជាប់ឆ្នោតជាប្រធានាធិបតី​អាមេរិកក្នុងឆ្នាំ​២០២០។
ឥណ្ឌានិងអាមេរិក​មានទំនាក់ទំនងជាមួយគ្នាយ៉ាងល្អនាពេលកន្លងមក ប៉ុន្តែ ប្រទេសទាំងពីរ​បានប្រឈមមុខតានតឹងដាក់គ្នា​ ក្រោយពេលអាមេរិក​ដំឡើងពន្ធទៅលើប្រទេសឥណ្ឌាផងដែរ​ ។ មិនតែប៉ុណ្ណោះឥណ្ឌាបានទិញអាវុធជាច្រើនពីប្រទេសរុស្ស៊ី​ដែលជាហេតុ ធ្វើឲ្យអាមេរិកនិងឥណ្ឌាមានភាពតានតឹងដាក់គ្នា។
ក្រោយលោកបៃឌិនជាប់ឆ្នោត​ ឥណ្ឌាសង្ឃឹមថា នឹងមានទំនាក់ទំនង​​ល្អជាមួយអាមេរិកលើគ្រប់វិស័យ ពិសេសគឺវិស័យ​សេដ្ឋកិច្ចនិងពាណិជ្ជកម្ម​៕ដោយ៖ធី រីណា


ចែករំលែក៖